ប្រកាសទទួលស្គាល់សមាសភាព ក្រុមការងារ អនុសាខាកាកបាទក្រហមកម្ពុជាឃុំទាំង៨ នៃស្រុកបាណន់

41

បាត់ដំបង  ៖ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានរៀបចំពិធីប្រកាសទទួលស្គាល់ សមាសភាពគណៈកម្មាធិការអនុសាខាស្រុក មន្រ្តីប្រចាំការអនុសាខា និងក្រុមកាកបាទឃុំទាំង៨ នៃអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាណន់ ខេត្តបាត់ដំបង ។

ពិធីនេះប្រព្រឹត្តទៅកាលពីរសៀលនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំសាលាស្រុកបាណន់ ក្រោមអធិបតីភាពឯកឧត្តមសន្តិបណ្ឌិត សុខ ផល  រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសាខា កាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង  និងដោយមានការអញ្ចើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ អនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការសាខា លោក លោកស្រី សមាជិក សមាជិកា  ប្រធានកិត្តិយសអនុសាខា គណៈកម្មាធិកាអនុសាខាស្រុក  លោកនាយកសាខាខេត្ត ថ្នាក់ដឹកនាំ បុគ្គលិក ក្រុមកាកបាទក្រហមឃុំ និងអ្នកស្ម័គ្រចិត្តអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាណន់ ព្រមទាំងយុវជនកាកបាទក្រហមកម្ពុជាសរុប ១០០នាក់ ។

បន្ទាប់ពីលោក កុសុម សុភីនារ៉ា នាយកសាខា អាននូវសេចក្តីសម្រេចទទួលស្គាល់សមាសភាពគណៈកម្មាធិការអនុសាខាស្រុក  មន្រ្តីប្រចាំការអនុសាខា និងក្រុមកាកបាទក្រហមឃុំទាំង៨រួចមក លោក ប៉ែន សារិយូ ប្រធានគណៈកម្មាធិការអនុសាខាស្រុកបាណន់ ក្នុងនាមជាប្រធាន អនុប្រធាន និងសមាជិក សមាជិកា អនុសាខា មន្រ្តីប្រចាំការ ក្រុមកាកបាទក្រហមឃុំ បានប្តេជ្ញា រួមគ្នាឆ្លើយតបចំពោះទំនុកចិត្តរបស់គណៈកម្មាធិការសាខា នឹងបន្តយកចិត្តទុកដាក់ប្រតិបត្តិ និងរក្សាខ្ចាប់នូវគោលការណ៍គ្រឹះទាំង៧ប្រការ លក្ខន្តិកៈ សេចក្តីសម្រចនិងការណែនាំ របស់កាកបាទក្រហមកម្ពុជា ដើម្បីបំពេញភារកិច្ចឲ្យបានជោគជ័យ ព្រមទាំងរក្សា  និងពង្រឹងសាមគ្គីភាពក្នុងជួរគណៈកម្មាធិការអនុសាខា ដោយទទួលយកការប្រឹក្សាជាមួយ គណៈកិត្តិយសអនុសាខា និងឯកភាពរួមគ្នាដោះស្រាយបញ្ហាប្រឈមដោយស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្ត និងការដឹងគុណដ៏ជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំសាខាជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា រួមគ្នា,ពង្រឹងការផ្សព្វផ្សាយ និងចុះពន្យល់ណែនាំដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានអំពីការថែទាំសុខភាព និងការ រក្សាអនាម័យបរិស្ថាន ដើម្បីជៀសវាងនិងទប់ស្កាត់ជំងឺរាតត្បាតផ្សេងៗ ដូចជា COVID-19 និង គ្រុនឈាម គ្រុនឈីក តាមការណែនាំរបស់ក្រសួងសុខាភិបាល ។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល  ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគណៈកម្មាធិការសាខាខេត្ត ព្រមទាំងសម្តែងនូវមនោសញ្ចេតនាដ៏កក់ក្តៅចំពោះ លោក លោកស្រី គណៈកម្មាធិការអនុសាខា មន្រ្តីប្រចាំការ ក្រុមការងារកាកបាទក្រហមឃុំ ដែលមានឆន្ទៈចូលរួមចែករំលែកពេលវេលាបំរើក្នុងបុព្វហេតុមនុស្សធម៌ដោយស្ម័គ្រចិត្ត ស្របតាមទិសស្លោក “ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា និង កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា “ ដែលលទ្ធផលនេះឆ្លុះបញ្ចាំងឲ្យឃើញពីការយកចិត្តទុកដាក់ខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចរបស់អនុសាខា ស្របតាមយុទ្ធសាស្ត្រ កាកបាទក្រហមកម្ពុជា ២០១១-២០២០ ក្រោមការចង្អុលបង្ហាញនិងដឹកនាំដ៏ត្រឹមត្រូវប្រកបដោយភាពឆ្លាតវៃរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ។

ក្នុងឱកាសនោះដែរ ឯកឧត្តមសន្តិបណ្ឌិត បានឧបត្ថម្ភថវិកា ជូនអនុសាខាស្រុកសម្រាប់តម្កល់ទុកក្នុងគណនីអនុសាខា ដើម្បីជាមូលដ្ឋានឆ្លើយតបដល់ជនងាយរងគ្រោះផ្សេងៗ ក្នុងស្រុកឲ្យបានទាន់ពេលវេលានូវថវិកាចំនួន ៧,៧០០.០០០រៀល ក្នុងនោះថវិកាឯកឧត្តមសន្តិបណ្ឌិត សុខ ផល ចំនួន២លានរៀល ថវិកាសាខាខេត្តចំនួន ១លានរៀល និងថវិកាឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើសរុបចំនួន ៤,៧០០.០០០រៀលផងដែរ ។ ដោយឡែកសមាជិក សមាជិការចូលរួម ទទួលបានក្នុងម្នាក់ៗថវិកា ៤ម៉ឺនរៀល ទឹកបរិសុទ្ធវីឃែរ ១កេស អាវរងាចំនួន ១ ។ មន្រ្តីប្រតិបត្តិសាខាចំនួន ២០នាក់ក្នុងម្នាក់ទទួលបានថវិកា ១០ម៉ឺនរៀល អាវរងា ១ ពីឯកឧត្តមសន្តិបណ្ឌិតប្រធានកិត្តិយសសាខាផងដែរ ៕

ដោយ ៖ សាលី

ចំណែក