មន្ត្រីស៊ីម៉ាក់ បន្តរុករកឃើញគ្រាប់មីន សរុបចំនួន ៧១គ្រាប់

បាត់ដំបង ៖ ក្រោយទទួលបានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋពាក់ព័ន្ធ ករណីប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅមាត់អូរមួយកន្លែង ក្នុងភូមិសាស្ត្រស្រុកកំរៀង នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ មន្ត្រីជំនាញស៊ីម៉ាក់ បានចុះទៅពិនិត្យ និងបន្តរុករកបន្ថែម រកឃើញគ្រាប់មីន សរុបចំនួន ៧១គ្រាប់ ។

លោក វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានអោយដឹងថា ករណីប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌខាងលើនេះ គឺមានទីតាំងនៅត្រង់ចំណុច TV230497-1449563 មាត់អូរមួយកន្លែង ស្ថិតក្នុងក្រុមទី០៧ ភូមិអូរគគី ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។

លោកបានបញ្ជាក់ទៀតថា គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលពលរដ្ឋប្រទះឃើញខាងលើនេះ ជាប្រភេទគ្រាប់មីនស្គរ ដែលគ្រាប់ទាំងអស់នេះសេះសល់តាំងពីសម័យសង្គ្រាម បន្ទាប់មក មន្ត្រីជំនាញបានចុះទៅរុករកឃើញរហូត សរុបចំនួន ៧១គ្រាប់ ។

ក្រោយពីចុះពិនិត្យ រុករកឃើញរួចមក គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះខាងលើ ត្រូវបានមន្ត្រីជំនាញស៊ីម៉ាក់ ប្រមូលយកទៅរក្សាទុកនៅទីកន្លែងមានសុវត្ថិភាព ដើម្បីរង់ចាំពេលវេលា ធ្វើការបំផ្លាញចោលនៅពេលក្រោយ ៕

ដោយ ៖ សាលី

CATEGORIES
Share This