រថយន្តពីរគ្រឿង បុកគ្នាពេញទំហឹង បណ្តាលអោយមនុស្ស០៥នាក់ ស្លាប់និងរបួស

បាត់ដំបង ៖ បុរស០១នាក់បានស្លាប់ មនុស្សប្រុសស្រី០៤នាក់ផ្សេងទៀត បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង កាលពីយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិ​លេខ​៥៧ ស្ថិតក្នុងភូមិរំជៃ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ។

ប្រភពកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុមានរថយន្ដដឹកទំទិញម៉ាក TOYOTA .ពាក់​ផ្លាកលេខ​ កំពង់ចាម 2A-5639 បើកបរ​ដោយបុរសម្នាក់ និងអ្នករួមដំណើរជាប្អូន និងជាកូនប្រុសស្រី ០៤នាក់ ក្នុងទិសដៅពីកើតទៅលិច ចំណែករថយន្តមួយគ្រឿងផ្សេងទៀត ប្រភេទដឹកមេស៊ីម៉ង់ ពាក់ផ្លាកលេខ ភ្នំពេញ 3E-9334 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុបានបុកគ្នាពេញទំហឹងតែម្តង ។

ក្រោយពេលកើតហេតុ គេឃើញអ្នកធ្វើដំណើរក្នុងរថយន្តTOYOTA ស្លាប់០១នាក់ និងរបួសធ្ងន់ស្រាល០៤នាក់ ត្រូវបានដឹកទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកអ្នកបើកបររថយន្តដឹកមេស៊ីម៉ង់ រត់គេចខ្លួនបាត់ស្រមោល ដោយឡែកមធ្យោបាយទាំងពីរ សមត្ថកិច្ចជំនាញបានចុះទៅធ្វើគំនូសហេតុ ស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរង់ចាំ ដោះស្រាយតាមផ្លូវច្បាប់ ៕

ដោយ ៖ សាលី

CATEGORIES
Share This