សម្ដេចក្រឡាហោម ស ខេង អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត ជាង២ពាន់នាក់ នៅសាកលវិទ្យាល័យជាតិបាត់ដំបង

56

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធី ប្រគល់សញ្ញាបត្រជូនដល់សិស្សនិស្សិតជាង២ពាន់នាក់ នៅសាកលវិទ្យាល័យជាតិបាត់ដំបង ស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យបាត់ដំបង បានមានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ២០០៨មក មានអតីតនិស្សិតជាង២ម៉ឺននាក់ ជាធនធានសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍សង្គម  និងសេដ្ឋកិច្ចជាតិ ក្នុងស្ថាប័នសាធារណៈ និងឯកជនជាង៩០% ក្នុងវិស័យសំខាន់ដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ជីវចម្រុះ ទេសចរណ៍ ធនាគារ បដិសណ្ឋារកិច្ច និងវិស័យសំណង់ជាដើម ។ថ្ងៃនេះសាកលវិទ្យាល័យផ្ដល់សញ្ញាបត្រជូននិស្សិតជ័យលាភីចំនួន២០២៣នាក់ ស្រី១០៥០នាក់ ក្នុងនោះនិស្សិតបរិញ្ញាបត្ររង១៣១នាក់ បរិញ្ញាបត្រ១៧៤៩នាក់ និងបរិញ្ញាបត្រជាន់ខ្ពស់១៤៣នាក់។

ក្នុងពិធីនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានមានប្រសាន៍ថា សាកលវិទ្យាល័យជាតិបាត់ដំបង ធ្លាប់មានឈ្មោះល្បីតាំងពីមុនសម័យសង្គ្រាមមកម្លេះ ហើយក្រោយពីបញ្ចប់ភ្លើងសង្គ្រាម រាជរដ្ឋាភិបាល បានរៀបចំដំណើរការសាកលវិទ្យាល័យនេះឡើងវិញ ដោយដាក់ជាសាលាសាកលវិទ្យាល័យជាតិគ្រប់គ្រង រហូតមានការកែសម្រួលជាបន្តបន្ទាប់។ 

ក្នុងនោះសម្ដេចក្រឡាហោម ក៏បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានខិតខំធ្វើកំណែទម្រង់វិស័យអប់រំ ឲ្យទទួលបានលទ្ធផលល្អជាបន្តបន្ទាប់ ក្នុងនោះក៏មានការរៀបចំកែសម្រួលថ្នាក់ដឹកនាំសាកលវិទ្យាល័យជាតិបាត់ដំបង ដើម្បីធ្វើឲ្យសាកលវិទ្យាល័យ កាន់តែមានកិត្យានុភាព និងការជឿទុកចិត្តពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

សម្ដេចឧបនាយករដ្ឋមន្រ្តី បានបន្តថា និស្សិតដែលមានឱកាសសិក្សា និងលោកគ្រូអ្នកគ្រូដែលមានឱកាសបង្រៀននៅទីនេះ គឺដោយសារតែប្រទេសជាតិមានសន្តិភាពពិតប្រាកដ នៅឆ្នាំ១៩៩៨ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោជាប្រមុខ បន្ទាប់ពីបានឆ្លងកាត់សង្គ្រាមកាប់សម្លាប់អស់រយៈពេលជាច្រើនឆ្នាំ ហើយសម្ដេចបានចាត់ទុកសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម សេដ្ឋកិច្ច សន្តិសុខ និងការអភិវឌ្ឍជាតិដែលកម្ពុជាកំពុងមានសព្វថ្ងៃនេះ ថាជាទ្រព្យសម្បត្តិមហាសាលដែលត្រូវរួមគ្នាថែរក្សា ៕

ដោយ ៖ សាលី

ចំណែក