ជំនន់ទឹកភ្លៀង ហូរផ្តាច់ផ្លូវមួយកន្លែង នៃស្រុកសំឡូត មិនអាចអោយពលរដ្ឋ និងសិស្សសាលាឆ្លងកាត់បាន
បាត់ដំបង ៖ ស្ថានភាពអាកាសធាតុនៅតែបន្តធ្លាក់ភ្លៀងពីកម្រិតធម្យម និងខ្ពស់ ធ្វើអោយកម្លាំងទឹកនៅតែបន្តហូរខ្លាំង រហូតផ្តាច់ផ្លូវមួយកន្លែង មិនអាចអោយពលរដ្ឋនិងសិស្សសាលាឆ្លងកាត់បាន ។
ប្រភពពីមន្ត្រីរដ្ឋបាលឃុំតាតោក នៃស្រុកសំឡូត បានបញ្ជាក់អោយដឹងថា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ ស្ថានភាពអាកាសធាតុនៅក្នុងភូមិសាស្ត្រនៃស្រុកសំឡូត នៅតែបន្តធ្លាក់ភ្លៀងពីកម្រិតមធ្យម និងកម្រិតខ្ពស់ ចំណែកទឹកអូរនៅតែបន្តហូរខ្លាំងប្រហាក់ប្រហែលទៅនឹងថ្ងៃទី១៨ដែរ រហូតបណ្តាលអោយទឹកបានហូរច្រោះក្បាលលូ និងលិចលូ នៅចំណុចចំបែកទីមោង – ចរិយា៥៨ ស្ថិតក្នុងឃុំតាតោក ធ្វើអោយពលរដ្ឋនិងសិស្សសាលាពុំអាចធ្វើដំណើរឆ្លងកាត់បានឡើយ។
ជាមួយគ្នានេះ មន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបង ក៏បានអំពាវនាវអោយប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹង គួរមានការប្រុងប្រយ័ត្នអោយបានខ្ពស់ ខណៈមន្ត្រីបើកទ្វារអាងពហុបំណង (អាងសេកសក) ដើម្បីបន្ធូរទឹកចេញក្រោយពីភ្លៀងជាប់ៗ គ្នារយៈពេលពីរបីថ្ងៃមកនេះ ៕
ដោយ ៖ សាលី