តំណាងរាស្ត្រមណ្ឌលបាត់ដំបង ចុះជួបសំណេះសំណាល និងចែកអាវយឺតដល់កុមារាជិត១ពាន់នាក់

117

បាត់ដំបង ៖ ឯកឧត្តម ឡោក ហ៊ួរ តំណាងរាស្រ្តមណ្ឌលបាត់ដំបង និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកសង្កែ រួមជាមួយឯកឧត្តម សែម ស៊ីណង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំនរា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ បានអញ្ជើញចុះជួបសំណេះសំណាល និងចែកអាវយឺតជូនដល់កុមារា កុមារី ជិត១ពាន់នាក់ នៅក្នុងបរិវេណវត្តបាឡាត់ ស្ថិតក្នុងឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ។

ក្នុងឱកាសនោះឯកឧត្តម ឡោក ហួរ បានមានប្រសាសន៍ថា នេះជាការងារថ្មីមួយដែលក្រុមការងារយើងមិនសូវបានធ្វើទៅលើកូនៗ ដែលរយ:កាលកន្លងមកយើងធ្វើតែទៅលើមនុស្សចាស់ និងមនុស្សពេញវ័យ តែមួយរយៈចុងក្រោយនេះ ក្រុមការងារយើងបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ទៅលើកូនតូចៗ ដែលជាកុមារា កុមារី ព្រោះពួកគាត់ក៏ត្រូវការភាពស្និតស្នាល ភាពកក់ក្តៅ និងក្តីស្រលាញ់ពីមនុស្សចាស់នេះផងដែរ ។ ហើយការចុះចែកអាវដល់កូនៗ កុមារា កុមារី នាពេលនេះដែរ ជាការឆ្លើយតបស្របពេលដែលពិភពលោកកំពុងព្រួយបារម្ភ និងប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ជាពិសេសសម្ដេចបានយកចិត្តទុក្ខដាក់ខ្ពស់បំផុតចំពោះបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះនៅមូលដ្ឋាន ព្រោះឥទ្ធិលជម្ងឺកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងជីវភាពរបស់បងប្អូនក្នុងការប្រកបរបរទទួលទានប្រចាំថ្ងៃ ។

ជាមួយគ្នានេះដែរឯកឧត្តមក៏បានអំពាវនាវ ដល់បងប្អូន ត្រូវមានការប្រុងប្រយ័ត្ន និងថែទាំសុខភាពឲ្យបានល្អ ជាពិសេសទៅលើកុមារតូចៗ ត្រូវស្លៀកខោអាវវែង និងគេងនៅក្នុងមុងជ្រលក់ថ្នាំ ដើម្បីការពារជំងឺគ្រុនឈាម ដែលកំពុងរីករាលដាល ព្រមទាំងចេះសម្អាតអនាម័យជុំវិញខ្លួន និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ហើយអ្វីដែលមិនអាចបំភ្លេចបានគឺ ចូលរួមការពារទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយលាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ អាល់កុល ឬជែល នៅមុនពេលឬក្រោយពេលហូបអាហារ ហើយពេលចេញទៅណាមកណាត្រូវពាក់ម៉ាស់ជាប្រចាំ និងហាមជួបជុំមនុស្សច្រើនដែលមិនមានការចាំបាច់។

គួរបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូនដល់ កុមារា កុមារី សរុបចំនួន៨០០នាក់ ក្នុងម្នាក់ៗទទួលបានអាវយ៉ឺតដ៏ស្រស់ស្អាតមួយដូចៗគ្នា ៕

ដោយ ៖ សាលី

ចំណែក