អាវុធហត្ថខេត្តព្រះវិហារ ឃាត់ខ្លួនស្រ្តី២នាក់ ជួញដូរគ្រឿងញៀន ជាង១០០គ្រាប់
ព្រះវិហារ ៖ ជនសង្ស័យជាស្រ្តី ២នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រះវិហារ ធ្វើការបង្ក្រាបឃាត់ខ្លួន ជាបន្តបន្ទាប់ ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀន ជាង១០០គ្រាប់ ។
លោកឧត្តមសេនីយ៏ត្រី កង សៅគុណ មេបញ្ជការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានឲ្យសារព័ត៌មានដឹងថា នៅថ្ងៃ១៧ ខែកក្តដា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ចំនួន៧នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ជួរ ប៊ុនសុង មេបញ្ជាការងកងរាជអាវុធហត្ថខេត្តព្រះវិហារ សហការជាមួយកម្លាំងមន្ត្រីយោធាផ្នែកសឹករងស្រុកឆែប ប្រចាំការនៅគោលដៅកោះល្ហរ បានចុះឆ្មក់បង្ក្រាបករណីជួញដូរគ្រឿងញៀន ១ករណី ក្នុងភូមិសាស្ត្រភូមិកំពង់ក្រសាំង ឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ខេត្តព្រះវិហារ ឃាត់ខ្លួនបានជនសង្ស័យ ២នាក់ ។
លោកបន្តថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះ ចៃ កាន់ ភេទស្រី អាយុ៤០ឆ្នាំ មុខរបមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិកំពង់ក្រសាំង ឃុំកំពង់ស្រឡៅពីរ ស្រុកឆែបខេត្តព្រះវិហារ និងឈ្មោះ នី ប៉ែង ភេទស្រី អាយុ៤៥ឆ្នាំ មុខរបមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិកំពង់ពោ ឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ ។ ទាំង២នាក់ ត្រូវបានឃាត់ខ្លួន ជាមួយវត្ថុតាងមួយចំនួន ដូចជា ៖ ១.ថ្នាំញៀនប្រភេទមេតំហ្វេតមីន (WY) ប្រភេទគ្រាប់ចំនួន១៦៨គ្រាប់ ក្នុងនៅ២គ្រាប់ ជាគ្រាប់ពណ៏ខៀវ, ២.លុយខ្មែរ ចំនួន៤៥មុឺនពាំពាន់ប្រាំរយរៀល, ៣.លុយថៃ ចំនួន១ពាន់បាត, ៤.លុយឡាវ១លាន៣៦មុឺនគីប, ៥.ទូរសព្ទ័ដៃចំនួន១គ្រឿងផងដែរ ។
ក្រោយឃាត់ខ្លួន និងសាកសួរ ជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ ៖ រ៉ាស៊ី