នគរខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនជាតិថៃ ៣នាក់ ជួញដូរគ្រឿងញៀន ជាង៣ពាន់គ្រាប់
បន្ទាយមានជ័យ ៖ ជនជាតិថៃ ៣នាក់ ត្រូវបានកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ធ្វើការបង្ក្រាបឃាត់ខ្លួន និងបញ្ជូនទៅតុលាការ កាលពីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ក្នុងករណីជួញដូរគ្រឿងញៀន ជាង៣ពាន់គ្រាប់ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងទទួលផែនារងារប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លើកិច្ចការងារបង្កា និងបង្ក្រាបបទល្មើសគ្រឿងញៀន នៅវេលាម៉ោង៧យប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងជំនាញ បានសហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀននៅបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដោយបានឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់ (ជាជនជាតិថៃ) រួមមាន ៖ ១.ឈ្មោះ Tananat Kerdnoy ភេទប្រុស អាយុ៤៤ឆ្នាំ, ២.ឈ្មោះ Tanakorn Eikeiv ភេទប្រុស អាយុ២២ឆ្នាំ, ៣.ឈ្មោះ Veerapat Trainut អាយុ២៨ឆ្នាំ ។
លោកបន្តថា ប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការដកហូតនូវវត្ថុតាងមួយចំនួន ដូចជា ៖ ១-ថ្នាំគ្រាប់WY ចំនួន១៩កញ្ចប់ ស្មើ ៣.៨០០គ្រាប់, ២-ម្សៅម៉ត់ (ខេ)មួយកូនថង់, ៣-ថ្នាំគ្រាប់ អ៊ិចស្តាស៊ី ២គ្រាប់, ៤-ទូរស័ព្ទដៃចំនួន០៣គ្រឿង ។
ក្រោយឃាត់ខ្លួន និងសាកសួរ ជនសង្ស័យទាំង០៣នាក់ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីផ្ដន្ទាទោសតាមច្បាប់ ៕