រដ្ឋបាលខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ២ពាន់ដើម អបអរសាទររុក្ខទិវា ៩កក្កដា

ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន កាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ រួមជាមួយឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកលោកស្រី អភិបាលរងខេត្ត លោកលោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង ៣ប្រភេទ លោកអភិបាលក្រុង-ស្រុក យុវជនស.ស.យ.កខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ បានអញ្ជើញចូលរួមដាំដើមឈើចម្រុះ នៅអមសងខាងផ្លូវ ទៅកាន់តំបន់រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ ស្ថិតក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដើម្បីអបអរសាទររុក្ខទិវា ៩កក្កដា ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍ឱ្យដឹងថា ទិវាដាំដើមឈើ គឺជាប្រពៃណីជាតិ និងជាវប្បធម៌ដ៏ឧត្តុងឧត្តម កើតមានតាំងតែពីឆ្នាំ១៩៥២ ក្រោមព្រះរាជកិច្ច ដឹកនាំរបស់មហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង ក្នុងគោលបំណងបំផុស ចលនាដាំដើមឈើ និងថែរក្សាសម្បត្តិព្រៃឈើ ជាពិសេសដើម្បីថែរក្សាការពារ និងបណ្ដុះគំនិតស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិ ដូច្នេះក្នុងទិសដៅបន្តវេន នូវទិវាដ៏ប្រពៃនេះ រាជរដ្ឋាភិបាលកម្ពុជា បានចាត់តាំងប្រារព្ធពិធីនេះឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៩ ខែកក្កដា ប៉ុន្តែពិធីនេះបានអាក់ខានអស់រយៈពេល ២ឆ្នាំ គឺឆ្នាំ២០២០ និង២០២១ ដោយសារស្ថានភាព ការឆ្លងរីករាលជាសាកល នៃជំងឺកូវីដ-១៩។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្នរដ្ឋបាលខេត្តប៉ៃលិន បានកំពុងអនុវត្តន៍យ៉ាងសកម្មនូវគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក្នុងកិច្ចការពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិ ព្រមទាំងអេកូឡូស៊ី ដើម្បីលើកកម្ពស់កិត្យានុពលបៃតងជាតិ អោយល្បីល្បាញរន្ទឺ ជាប្រទេសមានការអភិវឌ្ឍន៍បៃតង គម្រូក្នុងតំបន់អាស៊ាន និងអាស៊ីប៉ាស៊ីហ្វិច តាមគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍបៃតង និងផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍបៃតង ឆ្នាំ២០១៣-២០៣០ ៕

CATEGORIES
Share This