លោកជំទាវ ឱ វណ្ណឌីន អញ្ជើញសំណេះសំណាល និងជម្រុញ ការថែទាំសុខភាពបឋម ក្នុងខេត្តព្រះវិហារ
ព្រះវិហារ ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញសំណេះសំណាលជាមួយមន្ត្រីជំនាញសុខាភិបាល និងអាជ្ញាធរខេត្តព្រះវិហារ និងបានជម្រុញ ការបង្កើនការថែទាំសុខភាពបឋម ក្នុងមូលដ្ឋានឲ្យបានល្អ ។
លោកជំទាវ ប៉ាង រ៉ាវី អភិបាលរងខេត្តព្រះវិហារ បានមានប្រសាសន៍សម្តែងនូវសេចក្តី សោមនស្សរីករាយ និងមនោសញ្ចេតនាគោរពស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់លោកជំទាវ គណៈអធិបតី ដែលបានឆ្លៀតឱកាសដ៏មមាញឹកផ្ដល់កិត្តិយស អញ្ជើញចុះមកចូលរួមផ្ដល់នូវកិច្ចប្រជុំ ណែនាំស្តីពីការជំរុញ និងបង្កើនការថែទាំសុខភាពបឋមក្នុងខេត្តព្រះវិហារ ព្រមទាំងបានចុះជូប សំណេះសំណាលសួរសុខទុក្ខមន្ត្រីសុខាភិបាល ដែលកំពង់ផ្តល់សេវានៅតាមមណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព នៃមន្ទីរសុខាភិបាលខេត្តព្រះវិហារ នាឱកាសដ៏ថ្លៃថ្លានេះ។
លោកជំទាវបានបន្តទៀតថា វត្តមានរបស់លោកជំទាវ នៅក្នុងឱកាសនេះ គឺបានសបញ្ជាក់ឱ្យឃើញ អំពីការគិតគូរយកចិត្តទុកដាក់ ខ្ពស់បំផុត ចំពោះខឿនសុខភាព ជាពិសេសការថែទាំសុខភាពបឋមសម្រាប់សហគមន៍ របស់ក្រុម គ្រូពេទ្យ ក៏ដូចជានៅក្នុងខេត្តព្រះវិហារ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្តការ ដឹកនាំនាវាកម្ពុជាឱ្យមានសុខសន្តិភាព កិត្យានុភាព និងការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ ។
នៅក្នុងឱកាសនោះលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានមានប្រសាសន៍ជម្រុញ ដល់លោកប្រធានមន្ទីរសុខាភិបាល ប្រធានមន្ទីរពេទ្យ ប្រធានស្រុកប្រតិបត្តិ មន្ត្រីសុខាភិបាល និងវិស័យសុខាភិបាល ឯកជនទាំងអស់ សូមបន្តរក្សាបាននូវសាមគ្គីភាពផ្ទៃក្នុង បង្កើន កិច្ចសហការប្រតិបត្តិការល្អ និងរួមគ្នាលើកកម្ពស់គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពនៃសេវាសុខាភិបាលនៅមូលដ្ឋាន ទាំងសុខាភិបាលសាធារណៈ និងឯកជន ជាពិសេសសុខភាពនៅតាមសហគមន៍ ហើយត្រូវទទួលខុសត្រូវ ក្នុងការផ្តល់សេវាសុខាភិបាល ការស្រាវជ្រាវ ជំងឺឆ្លង និងជំងឺមិនឆ្លង ពង្រឹងប្រព័ន្ធអង្កេតតាមដាន ដើម្បីឆ្លើយតបគ្រោះអាសន្ន ផ្នែកសុខភាពសាធារណៈឱ្យស្របតាមល័ក្ខខ័ណ្ឌច្បាប់សុខភាព។ ត្រូវរួម គ្នារៀបចំ និងអនុវត្តឱ្យមានសុវត្ថិភាពនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធាមនុស្ស ក្នុងវិស័យសុខាភិបាល ពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈ ក្រមសីលធម៌វិជ្ជាជីវៈ និងឥរិយាបទ នៃការផ្តល់សេវា។ តាមដានត្រួត ពិនិត្យ និងវាយតម្លៃគុណភាពសេវាសុខាភិបាលឱ្យបានទៀងទាត់ ដោយគិតទាំងគុណភាពសេវាក្នុងវិស័យឯកជនផងដែរ និងត្រូវចាត់វិធានការក្នុងការកែរលម្អនូវគ្រប់ចំណុចខ្វះខាត ដើម្បីធ្វើឱ្យគុណ ភាពនៃការព្យាបាលជំងឺកាន់តែមានប្រសិទ្ធភាព និងកាន់តែទទួលបាននូវការជឿទុកចិត្តពីប្រជាពលរដ្ឋ។
បន្ថែមពីនេះលោកជំទាវ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានអង្គការដៃគូពាក់ព័ន្ធ ក្នុងខេត្តព្រះវិហារ ដែលបានប្តេជ្ញាជាមួយមន្ទីសុខាភិបាលខេត្ត ចូលរួមអនុវត្តការជំរុញបង្កើនការងារថែទំាសុខភាពបឋម ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឱ្យកាន់ តែរីកចម្រើន ៕
ដោយ ៖ រ៉ាស៊ី