ប្រធានមន្ទីរធនធានទឹកខេត្តព្រះវិហារ៖ ស្ថានជំនន់ទឹកភ្លៀងនៅស្រុកឆែប បានស្រកអស់ និងគ្មានប៉ះពាល់អ្វីធ្ងន់ធ្ងរ
ព្រះវិហារ៖ លោក ចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានលើកឡើងថា ស្ថានភាពជំនន់ទឹកភ្លៀងរយៈពេលខ្លី ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ បានស្រកអស់វិញហើយ និងមិនមានប៉ះពាល់អាយុជីវិតពលរដ្ឋ ផ្ទះសម្បែង ឬហេដ្ឋារចនាសម្ព័ន្ធអ្វីនោះទេ ។
លោកប្រធាន បានឲ្យដឹងថា ជំនន់ទឹកភ្លៀងនេះ បង្កឡើងដោយសារមានភ្លៀងធ្លាក់ច្រើននៅយប់ថ្ងៃទី១៤ ខែកក្កដា ចាប់ពីម៉ោង១រំលងអធ្រាត ដល់ម៉ោង៥ទៀបភ្លឺ ក្នុងកម្រិត ១៣៦មីលីម៉ែត្រ ធ្វើឲ្យទឹកហូរតាមអូរ ឬតាមព្រែកមិនទាន់ បានធ្វើឲ្យទឹកចាល់រយៈពេល ៣ម៉ោង ក៏បានស្រកទៅវិញ តាំងពីម៉ោង១២ ថ្ងៃត្រង់ថ្ងៃទី១៥ ខែកក្កដាម្សិលមិញ ហើយចំពោះទីតាំងជំនន់ទឹកភ្លៀងនោះ ឯកឧត្តម គឹម រិទ្ធី អភិបាលខេត្តព្រះវិហារ ក៏បានដឹកនាំមន្ត្រីចុះពិនិត្យផងដែរ ។
លោកបានបន្តថា ជំនន់ទឹកភ្លៀងនេះ គឺបានលិចតែនៅតំបន់ទាបជាប់នឹងមាត់អូរ ព្រោះតំបន់នោះ ឲ្យតែមានទឹកធំ គឺលិចលង់ជារៀងរាល់ឆ្នាំ ប៉ុន្តែយ៉ាងណាគិតត្រឹមព្រឹកនេះ សម្ពាធអាកាសធាតុក្នុងខេត្ត បានថយចុះប្រមាណ ៥០ភាគរយ បើធៀបនឹងថ្ងៃទី១៤ និង១៥ ខែកក្កដា ប៉ុន្តែផ្ទៃមេឃនៅអួរអាប់ ហើយក៏អំពាវនាវដល់ប្រជាពលរដ្ឋ នៅតែមានការប្រុងប្រយ័ត្ន ចំពោះអាកាសធាតុនេះ ។
លោក ចាប កុយ បានបន្ថែមថា ចំពោះស្ថានភាព ទឹកស្ទឹងសែន ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ កំពុងមានកម្ពស់ប្រមាណ ៩ម៉ែត្រ ដោយកម្ពស់ទឹកប៉ុន្នេះ បើធៀបនឹងឆ្នាំកន្លងទៅ គឺមានសភាពប្រហាក់ប្រហែលគ្នា ហើយសម្រាប់កម្រិតប្រកាសអាសន្នវិញ មានកម្ពស់ប្រមាណ ១១ម៉ែត្រ ។
ជាមួយនេះលោកប្រធានមមន្ទីរ បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមបន្តតាមដាននូវអាកាសធាតុ ឬក៏ព័ត៌មានស្តីពីអាកាសធាតុ ឲ្យបានជាប់ជាប្រចាំ ដើម្បីងាយស្រួលក្នុងការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈឲ្យបានរួចរាល់ ហើយមន្ទីរជំនាញ នឹងផ្សព្វផ្សាយបន្តបន្ទាប់ ពីបញ្ហាអាកាសធាតុនេះ ៕
ដោយ ៖ រ៉ាស៊ី