ឃាតករដែលសម្លាប់ស្ត្រីចំណាស់ម្នាក់ ក្នុងក្រុងបាត់ដំបង ត្រូវបានចាប់ខ្លួននៅរសៀលថ្ងៃទី១៤នេះ

បាត់ដំបង៖ ក្រោយធ្វើការស្រាវជ្រាវស្វែងរកអស់ជាច្រើនថ្ងៃ ឃាតករដែលកាប់សម្លាប់ស្ត្រីចំណាស់ម្នាក់ ក្នុងក្រុងបាត់ដំបង ត្រូវបានសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចាប់ខ្លួនបានហើយនៅល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ នៅក្នុងមូលដ្ឋានឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។

ជនសង្ស័យមានឈ្មោះ សឿន ទន់ ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ជាជនមានចរិតកោងកាចប្រើប្រាស់គ្រឿងញៀន និងធ្លាប់នាំខ្លួនទៅអប់រំបន្សាបគ្រឿងញៀននៅមជ្ឈមណ្ឌលកែប្រែម្តងរួចមកហើយ កាលពីកន្លងមក ហើយជនសង្ស័យកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ បានធ្វើសកម្មភាពកាប់សម្លាប់ស្ត្រីចំណាស់ម្នាក់ជាច្រើនកាំបិតខ្វែវ ដាច់ករស្លាប់នៅលើផ្លូវ ស្ថិតក្នុងភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង រួចបានជិះកង់រត់គេចខ្លួនចូលទៅក្នុងព្រៃភ្នំ ចំណុចឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាននិងបញ្ជូនយកទៅធ្វើការសាកសួរ នៅស្នងការដើម្បីរៀបចំកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕

ដោយ ៖ សាលី

CATEGORIES
Share This