អាមេរិក នឹងបន្តដឹកជញ្ជូនគ្រាប់បែកទម្ងន់ជាង ២០០គីឡូក្រាមទៅឱ្យអ៊ីស្រាអែល

មន្ត្រីអាមេរិកមួយរូបបាននិយាយ កាលពីថ្ងៃពុធ (១០ កក្កដា) ថា រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) នឹងបន្តដឹកជញ្ជូនគ្រាប់បែកទម្ងន់ ៥០០ ផោន (ជាង ២២៦ គីឡូក្រាម) ទៅឱ្យអ៊ីស្រាអែល ប៉ុន្តែនឹងបន្តរារាំងការផ្គត់ផ្គង់គ្រាប់បែកទម្ងន់ ២.០០០ ផោន (ជាង ៩០៧ គីឡូក្រាម) ជុំវិញការព្រួយបារម្ភថាអ៊ីស្រាអែល អាចនឹងប្រើប្រាស់គ្រាប់បែកធុនធ្ងន់ទាំងនោះនៅក្នុងតំបន់ហ្កាហ្សា ដែលមានប្រជាជនរស់នៅច្រើន។

សហរដ្ឋអាមេរិក កាលពីខែឧសភា បានផ្អាកការដឹកជញ្ជូនគ្រាប់បែកទម្ងន់ ២.០០០ ផោន និង ៥០០ ផោននេះ ដោយសារតែការបារម្ភពីផលប៉ះពាល់ដែលគ្រឿងយុទ្ធោបករណ៍ទាំងនោះអាចបង្កនៅក្នុងតំបន់ហ្កាហ្សា។ ការព្រួយបារម្ភជាពិសេសរបស់រដ្ឋបាលលោក បៃដិន គឺការប្រើប្រាស់គ្រាប់បែកដ៏ធំបែបនេះនៅក្នុងទីក្រុងរ៉ាហ្វា (Rafah) ជាទីដែលប្រជាជនប៉ាឡេស្ទីនជាងមួយលាននាក់បានភៀសខ្លួន។

គ្រាប់បែកទម្ងន់ ២.០០០ ផោនមួយគ្រាប់អាចច្រៀកបេតុង និងដែកក្រាស់ៗជាបំណែកៗ បង្កើតបានជាកាំផ្ទុះ (ទំហំនៃការផ្ទុះ) យ៉ាងធំទូលាយ។ មន្ត្រីអាមេរិកនិយាយថា គ្រាប់បែកទម្ងន់ ៥០០ ផោនត្រូវបានដាក់បញ្ចូលក្នុងការដឹកជញ្ជូនជាមួយគ្នានឹងគ្រាប់បែបធំៗដែលត្រូវបានផ្អាកទាំងនោះ ដូច្នេះហើយទើបគ្រាប់បែកទាំងអស់ត្រូវផ្អាកដឹកស្របគ្នា។ អាមេរិក បានជូនដំណឹងដល់អ៊ីស្រាអែលថាខ្លួនកំពុងបញ្ចេញគ្រាប់បែកទម្ងន់ ៥០០ ផោន ប៉ុន្តែនៅតែផ្អាកគ្រាប់បែកធំៗដដែល។

កាលពីខែមិថុនា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណាតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានអះអាងថា ទីក្រុងវ៉ាស៊ីនតោនកំពុងដកហូតអាវុធ ហើយបានអង្វរករមន្ត្រីអាមេរិកឱ្យដោះស្រាយស្ថានការណ៍។ មន្រ្តីជំនិតរបស់លោក Biden បានសម្តែងការខកចិត្តចំពោះការលើកឡើងរបស់មេដឹកនាំអ៊ីស្រាអែលរូបនេះ៕

CATEGORIES
Share This