ខែមិថុនា ច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានអ្នកដំណើរចេញ-ចូលប្រទេសជាង១លាននាក់
បន្ទាយមានជ័យ ៖ ក្នុងរយៈពេលមួយខែ នៃខែមិថុនា គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត មានអ្នកដំណើរចេញ-ចូលប្រទេសកម្ពុជា ជាង១លាននាក់ ។
នេះបើយោងតាមរបាយការណ៍ បូកសរុបលទ្ធផលការងារប្រចាំខែមិថុនា ឆ្នាំ២០២៤ របស់នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ ។
លោកឧត្តមសេនីយត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត បានឲ្យដឹងថា ស្ថិតិអ្នកដំណើរចេញ-ចូលប្រទេសកម្ពុជាតាមច្រកទ្វារព្រំដែនអន្ដរប៉ោយប៉ែត សម្រាប់រយៈពេល១ខែពេញ ខែមិថុនា ឆ្នាំ២០២៤ សរុបមានចំនួន១,១៩៣,៣៨៥នាក់ ស្រី៥៨៤,៦៤៣នាក់ ។ ក្នុងនោះអ្នកដំណើរចូល សរុបចំនួន ៥៩៨,៩៤៤នាក់ ស្រី២៩២,១៤៨នាក់ (មាន៨៦សញ្ជាតិ), ជនបរទេសចូល សរុបចំនួន២៤៦,២៧៥នាក់ ស្រី១១២,៩៦៣នាក់ ។ ពលរដ្ឋខ្មែរចូល សរុបចំនួន៣៥២,៦៦៩នាក់ ស្រី១៧៩,១៨៥នាក់ ។ ចំពោះអ្នកដំណើរចេញ សរុបចំនួន៥៩៤,៤៤១នាក់ ស្រី២៩២,៤៩៥នាក់ (មាន ៨៣សញ្ជាតិ), ជនបរទេសចេញសរុបចំនួន២៤៦,៧៤០នាក់ ស្រី១២១,៧៣៦នាក់ ។ ពលរដ្ឋខ្មែរចេញ សរុបចំនួន៣៤៧,៧០១នាក់ ស្រី១៧០,៧៥៩នាក់ ។
លោកឧត្តមសេនីយ៍ត្រី បានអោយដឹងទៀតថា ដោយមានការណែនាំពីឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវសន៍ ធ្វើយ៉ាងណាសម្របសម្រួលអោយមានភាពងាយស្រួល និងលឿនដល់ការធ្វើដំណើរឆ្លងកាត់ច្រក ពីសំណាក់ភ្ញៀវជាតិអន្តរជាតិ ។ លោកបានទំនាក់ទំនងជាមួយភាគីថៃ សម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងចេញនិងចូល បានយ៉ាងរលូនមិនមានការកកស្ទះដូចមុនឡើយ ។ ក្រៅពីការសម្របសម្រួល លើការធ្វើដំណើរចេញចូល នគរបាលច្រកទ្វារក៏បានរៀបចំសណ្តាប់ធ្នាប់ នៅច្រកទ្វារអន្តរជាតិផងដែរ ៕