ទំនាស់ពាក្យសំដី ក្នុងវង់ផឹកស៊ី ក្លាយជាហិង្សាម្នាក់ដេកពេទ្យ ម្នាក់ជាប់ជាប់ខ្នោះ

បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណ ធ្វើការបង្ក្រាបឃាត់ខ្លួន និងបញ្ជូនទៅតុលាការ កាលពីរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ ពាក់ព័ន្ធករណីហិង្សា (ប្រើកាំបិតខ្វែវកាប់ជនរងគ្រោះ) ដែលផ្តើមចេញពីជំនាស់ពាក្យសំដីក្នុងវង់ផឹកស៊ី ។

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ លាង ចាន់ណាតភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរបច្ចុប្បន្នរស់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណ ធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួន កាលពីវេលាម៉ោង១៥និង៤០នាទី  ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ ពីបទ ហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តកាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចស្ថានីយ៍រថភ្លើង ស្ថិតក្នុងភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។

លោកមេបញ្ជាការ បញ្ជាក់ថា កាលពីវេលាកេីតហេតុជនរងគ្រោះ និងឪពុកក្មេក ព្រមទាំងឈ្មោះ ប្រុស អាយុប្រហែល៤២ឆ្នាំ បាននាំគ្នាអង្គុយផឹកស្រាថ្នាំ រហូតដល់វេលាម៉ោង១២ និង០០នាទី ហើយជនរងគ្រោះ បានសុំមកផ្ទះមុន ក៏បានឮសំឡេងឪពុកក្មេករបស់ខ្លួន ជេរគ្នាជាមួយជនសង្ស័យ នៅផ្ទះរបស់ជនសង្ស័យ ឃើញដូចនោះជនរងគ្រោះ និងប្រពន្ធ បានទៅឃាត់កុំឱ្យជេរគ្នា ស្រាប់តែជនសង្ស័យជេរម្តាយ របស់ខ្លួន ឮដូចនោះ ជនរងគ្រោះ បានកាន់ដងឆ័ត្រ ដើរសំដៅទៅសួរជនសង្ស័យ ស្រាប់តែជនសង្ស័យ ស្ទុះចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះ យកកាំបិតខ្វែវ មកកាប់ជនរងគ្រោះចំនួន០១កាំបិត ត្រូវចំក្បាល បណ្ដាលឱ្យរបួសធ្ងន់ ហើយរត់គេចខ្លួន ។ ក្រោយពីទទួលបានពាក្យបណ្ដឹង លោកបានដឹកនាំកម្លាំងធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាជនសង្ស័យ រហូតឈានដល់ការឃាត់ខ្លួនព្រមទាំងចាប់យកវត្ថុតាងកាំបិតខ្វែវ ដងឈើ ប្រវែង៩២សង់ទីម៉ែត្រ ចំនួន០១ដើម ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានឱ្យដឹងដែរថា ក្រោយឃាត់ខ្លួននិងសាកសួរ ជនសង្ស័យត្រូវបាន កម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីផ្ដន្ទាទោសតាមច្បាប់ ៕

CATEGORIES
Share This