ចាស់ជរាគ្មានទីពឹង ក្នុងខេត្តប៉ៃលិន ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិធិចាស់ជរា របស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អ៊ី ឈាន

ប៉ៃលិន ៖ លោកកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធាន មូលនីធិចាស់ជរា និងជាអភិបាល នៃគណៈអភិបាលខេត្ត ប៉ៃលិន កាលពីព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ ជាមួយលោកតាលោកតាចាស់ជរាគ្មានទីពឹង និងមាន ជីវភាពខ្វះខាតទូទាំងខេត្តប៉ៃលិន ដែលមកទទួលប្រាក់ឧបត្ថម្ភ ប្រចាំខែពីមូលនិធិ ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍ នាំមកនូវបណ្តាំផ្ញើសាកសួរសុខ ទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់លោក យាយ លោកតាចាស់ជរាទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងតែគិតគូពី សុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់ កាលៈទេសៈ និងគ្រប់ទីកន្លែងនៅទូទាំងប្រទេស ។

លោកជំទាវបណ្ឌិតប្រធានមូលនីធិ បានមានប្រសាសន៍លើកឡើងថា រាជដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍ រីកចម្រើន លើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម្ព័នរូបវ័ន្ននានា រួមមាន ៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម ប្រព័ន្ធធារាសាស្ត្រ ព្រមទាំងបាន យកចិត្តទុកដាក់គិតគូពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនបណ្តោយអោយពលរដ្ឋណាម្នាក់ ស្លាប់ អត់បាយដោយមិនបានដឹង និងមិនបានដោះស្រាយននោះឡើយ ។

លោកជំទាវបណ្ឌិតបញ្ជាក់ថា មូលនិធិចាស់ជរានេះ បានបង្កើតឡើងក្នុងគោលបំណង និងទិសដៅ ជួយដល់លោកយាយ លោកតាចាស់ជរាគ្មានទីពឹង មានជីវភាពខ្សត់ខ្សោយ និងមានអាយុចាប់ពី ៧០ឆ្នាំ ឡើងទៅ ដែលពុំមានលទ្ធភាពអាចចេញទៅប្រកបមុខរបរ ដើម្បីចិញ្ចឹមជីវិតបាន ក៏ដូចជា ការជួយលើកកំពស់កម្រិតជីវភាព និងបំប៉នថែរទាំសុខភាពលោក យាយលោកតា ដោយមិន ប្រកាន់បក្សពួក និងនិន្នាការនយោបាយឡើយ ព្រោះមនុស្សចាស់ គឺមានគុណបំណាច់ធំធេងណាស់ ក្នុងការជួយអប់រំប្រៀនប្រដៅ ដល់កូនចៅជំនាន់ក្រោយៗ ឲ្យប្រព្រឹត្តិតែអំពើល្អ ។

លោកយាយ លោកតា ដែលបានទទួលប្រាក់ឧបត្ថម្ភប្រចាំខែពីមូលនិធិចាស់ជរា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងបានជូនពរសពសារធុការ ចំពោះឯកឧត្តម អ៊ី ឈាន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានមូលនិធិចាស់ជរា តែងតែជួយឧបត្ថម្ភថវិកា ដល់ពួកគាត់ជារៀងរាល់ខែ ដើម្បីដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃ បានធូរស្រាលមួយកម្រឹត ធំ ។

សូមបញ្ជាក់ថា មូលនិធិចាស់ជរា ក្រោមការឧបត្ថម្ភគាំទ្រពីសំណាក់ ឯកឧត្តម អ៊ី ឈាន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ បានបើក ផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែកក្កដា ឆ្នាំ២០២៤ ដល់លោកយាយ លោកតាចាស់ជរា ចំនួន៥៥នាក់ ដោយក្នុងម្នាក់ៗ ទទួលបាន ថវិកា ចំនួន១០ម៉ឺនរៀល រួមទាំងឃីត១កញ្ចប់ ផងដែរ ៕

CATEGORIES
Share This