អភិបាលខេត្តកំពង់ស្ពឺថ្មី ណែនាំឱ្យមន្ត្រីរដ្ឋបាលក្រុងច្បារមន ពង្រឹងកិច្ចការងារផ្តល់សេវាសាធារណៈ ជូនពលរដ្ឋ និងអនុវត្តឱ្យមានប្រសិទ្ធិភាពនូវគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព
កំពង់ស្ពឺ ៖ អភិបាលកំពង់ស្ពឺថ្មីលោក ជាម ចន្ទ័សោភ័ណ បានធ្វើការណែនាំឱ្យមន្ត្រីរដ្ឋបាលក្រុងច្បារមន ពង្រឹងការងារផ្តល់សេវាសាធារណៈជូនពលរដ្ឋនិងអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឱ្យមានប្រសិទ្ធិភាពខ្ពស់។ការណ៍នេះធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីរដ្ឋបាល កងកម្លាំងទាំងបីប្រភេទ ចៅសង្កាត់និងស្មៀនក្នុងក្រុងច្បារមន ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤។
លោក ជាម ចន្ទ័សោភ័ណ បានលើកឡើងថា ដើម្បីឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្តលើការផ្តល់សេវាសាធារណៈរបស់យើងមន្ត្រីត្រូវតែចេះច្នៃប្រឌិតនូវរាល់កិច្ចការងារ ដើម្បីឱ្យការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទទួលបានតម្លាភាព ប្រសិទ្ធភាព និងប្រសិទ្ធផលកាន់តែខ្ពស់ ហើយក៏សុំឱ្យការផ្តល់សេវានោះប្រព្រឹត្តទៅដោយគ្មានការប្រកាន់បក្សពួកនិងគ្រួសារនិយម។
អភិបាលខេត្តកំពង់ស្ពឺក៏បានបញ្ជាក់ផងដែរថាទន្ទឹមនឹងទទួលបានការជឿទុកចិត្តលើផ្តល់សេវាទៀតសោត មន្ត្រីអ្នកផ្តល់សេវាក៏ត្រូវធ្វើការកែប្រែនូវចំនុចខ្វះខាតមួយចំនួនផងដែរគឺទីមួយឥរិយាបថមន្ត្រីក្នុងការផ្តល់សេវា ដោយមិនត្រូវប្រើពាក្យសំដីមិនសមរម្យទៅកាន់ប្រជាពលរដ្ឋដែលមកទទួលសេវា និងទីពីរគឺត្រូវពន្លឿនការផ្តល់សេវាឱ្យទៅពួកគាត់បានកាន់តែឆាប់រហ័ស។ហើយក្នុងករណីមានការយឺតយ៉ាវត្រូវតែបញ្ជាក់ពីហេតុផលច្បាស់លាស់និងសមស្របដើម្បីឱ្យពួកគាត់ទទួលយកបាននិងយល់ពីគោលការណ៍នៃការផ្តល់សេវា។
ជាមួយនោះដែរអភិបាលខេត្តកំពង់ស្ពឺលោក ជាម ចន្ទ័សោភ័ណ ក៏បានគុសបញ្ជាក់បន្ថែមថា ដោយអនុវត្តនូវគោលនយោបាយកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការនៅថ្នាក់ក្រោមជាតិ ឥរិយាបថមន្ត្រីរបស់មន្ត្រីយើងគឺមិនទាន់បានឆ្លើយតបទាំងស្រុងទៅនឹងតម្រូវការនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅឡើយ ដូច្នេះគឺទាមទារឱ្យមន្ត្រីផ្តល់សេវាសាធារណ:ទាំងអស់នៅតាមច្រកចេញចូលតែមួយខេត្ត ក្រុង ស្រុក បន្តកែលម្អឥរិយាបថ ស្របតាមអនុសាសន៍សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា (មន្រ្តីរាជការជាខ្ញុំបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រនោះទេ)និងអភិក្រមរបស់សម្តេចតេជោគឺ (ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់)។
ជាងនេះទៅទៀតលោកក៏បានសង្កត់ធ្ងន់ទៅលើការផ្តល់សេវាឡើការចុះបញ្ជីដីធ្លីផងដែរថា យើងត្រូវប្រមូលផ្តុំ ពិនិត្យសេវាស្មុគស្មាញ បង្កើនការទទួលខុសត្រូវ ដើម្បីពន្លឿនការផ្តល់សេវាសាធារណៈនិងកាត់បន្ថយមន្ត្រីជំនាញនិងអាជ្ញាធរពាក់ព័ន្ធលើសេវា(ដីចុះបញ្ជីលក្ខណៈជាប្រព័ន្ធរួច) ដើម្បីធានាការផ្តល់សេវាបានលឿន។យើងត្រូវរួមគ្នាគិត រួមគ្នាដោះស្រាយ រួមគ្នារកវិធីថ្មីៗដើម្បីដោះស្រាយ ដូច្នេះមន្ទីរជំនាញ និងអាជ្ញាធរក្រុង ស្រុក ត្រូវជម្រុញការចុះបញ្ជីដីធ្លីឱ្យបានលឿន ពិសេសការដោះនៅក្រៅប្រពន្ធ័តុលាការដែលជាវិធានការល្អ មានយុត្តិធម៌សង្គម មានភាពសុខសាន្តផ្លូវចិត្ត ។
បន្ថែមលើសពីនេះ អភិបាលខេត្តក៏បានក្រើនរំឭកនិងជំរុញបន្ថែមដល់អាជ្ញាធរក្រុង-ស្រុក និងមន្ទីរជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល លិខិតបទដ្ឋានគតិយុត្តិនានា ច្បាប់ និងនីតិវិធីជាធរមាន និយាយជារួមគឺ ត្រូវបន្តពង្រឹងការងារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណ: អនាម័យ បរិស្ថាន បន្តពង្រឹងផ្សព្វផ្សាយការងារភូមិ ឃុំមានសុវត្ថិភាព (គ្រឿងញៀន ល្បែងសុីសង ក្មេងទំនើង)នៅក្នុងដែនសមត្ថកិច្ចដែលខ្លួនទទួលខុសត្រូវ។
ដោយ ៖ ប៊ុត សារុន