មន្ត្រីជំនាញ អំពាវនាវដល់ប្រជាពលរដ្ឋ មិនអោយឆ្លងកាត់ ឬដឹកជញ្ជូនសត្វមាន់ទា ចេញពីតំបន់ផ្ទុះជំងឺផ្តាសាយបក្សី (H5N1)

147

បាត់ដំបង ៖ ក្រោយរកឃើញ ជំងឺគ្រុនផ្ដាសាយបក្សី (H5N1) នៅក្នុងកសិដ្ឋានចិញ្ចឹមមាន់ មួយកន្លែង ស្ថិតក្នុងភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តបាត់ដំបង បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសម្ចាស់ទីតាំងដែលចិញ្ចឹមនេះតែម្តង មិនឲ្យមានការចល័ត ឆ្លងកាត់ដឹកជញ្ជូនសត្វមាន់ ទា ឬបក្សី ចេញពីទីតាំងផ្ទុះនេះឡើយ ។

ការអំពាវនាវនេះធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ស្របពេលដែលលោក រួមនឹងមន្ត្រីជំនាញពាក់ព័ន្ធ ដោយមានការអញ្ជើញចូលរួមពីលោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង ក្នុងការចុះពិនិត្យ និងបាញ់ថ្នាំសម្លាប់មេរោគនៅលើទីតាំងដែលរកឃើញជំងឺផ្ទុះគ្រុនផ្តាសាយបក្សី (H5N1) ដែលបណ្តាលឲ្យមានសត្វមាន់ និងទា រាប់ពាន់ក្បាលនៅក្នុងកសិដ្ឋានចិញ្ចឹមមួយកន្លែងបានងាប់ជាបន្តបន្ទាប់ កាលពីប៉ុន្មានថ្ងៃជាប់ៗគ្នាកន្លងមកនេះ ។

ជាមួយគ្នានេះដែរឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់នូវការឆ្លងរាលដាលជំងឺផ្តាសាយបក្សី ក៏បានសំណើចាត់វិធានការទប់ស្កាត់ចលនាបក្សី និងផលិតផលមានដើមកំណើតចេញពីភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជាបណ្ដោះអាសន្ន។

ការស្នើរបស់ឯកឧត្តមរដ្ឋមន្ត្រីបែបនេះ ដោយយោងតាមលទ្ធផលវិភាគលេខ០០៧/២១ វ.ជ.ស.ស.ផ ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ របស់វិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលលិតកម្មសត្វ ដែលបានធ្វើវិភាគរកវីរុសផ្ដាសាយបក្សីលើសំណាកសត្វមាន់ចំនួន៣ក្បាល និងទាចំនួន១ក្បាល ពីភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ត្រូវបានរកឃើញវត្តមានវីរុសជំងឺផ្តាសាយបក្សីដែលបង្កដោយវីរុសក្នុងអនុក្រុម A/H5N1 ។

អាស្រ័យហេតុនេះសូមឯកឧត្តមប្រធានគណៈកម្មការចម្រុះខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មេត្តាជួយផ្ដល់កិច្ចសហការក្នុងការអនុវត្តវិធានបច្ចេកទេសរបស់មន្ត្រីជំនាញ មានសមត្ថកិច្ចក្នុងការពង្រឹងការទប់ស្កាត់ចលនាបក្សី និងផលិតផលមានដើមកំណើតពីបក្សីជាបណ្ដោះអាសន្ន ចេញពីតំបន់ផ្ទុះជំងឺឆ្លងខាងលើក្នុងរង្វង់កាំ ៣គីឡូម៉ែត្រ ដើម្បីអនុវត្តវិធានបច្ចេកទេសបសុពេទ្យប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕

ដោយ ៖ សាលី

ចំណែក