អាជ្ញាធរស្រុកភ្នំស្រុក បានដោះស្រាយបញ្ចប់ហើយ រឿងគោស៊ីដំណាំ ក្លាយជាជម្លោះបិទផ្លូវប្តឹងផ្តល់គ្នា
បន្ទាយមានជ័យ ៖ រឿងរាវសត្វគោស៊ីដំណាំ កើតជាជម្លោះបិទផ្លូវចូលចម្ការ ប្តឹងផ្តល់គ្នាមើលមុខគ្នាមិនចំ ទៅអាជ្ញាធរភូមិឃុំរហូតដល់ស្រុក រវាងអ្នកជាប់ព្រំលំនៅដ្ឋាន និងដីចម្ការជាប់គ្នា ស្ថិតនៅភូមិយាងឧត្តម ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ត្រូវបានលោកអភិបាលស្រុកភ្នំស្រុក សម្របសម្រួលដោះស្រាយបញ្ចប់ទំនាស់ ត្រឹមភាគីទាំងសងខាងព្រមព្រៀងគ្នា ទិញលក់ដីផ្លូវចូលទៅចំការ ។
កិច្ចសម្របសម្រួល ដោះស្រាយទំនាស់បិទផ្លូវចូលចម្ការពីសំណក់ប្រជាពលរដ្ឋ នៅផ្ទះជាប់គ្នានេះ ធ្វើឡើងកាលពីថ្ងៃទី៥ ខែកក្តដា ២០២៤ នៅសាលាស្រុកភ្នំស្រុក ក្រោមការចូលរូមដោះស្រាយដោយផ្ទាល់ពីសំណាក់លោក ជូ បុត្រ អភិបាលស្រុកភ្នំស្រុក និងមានការចូលរួមពីមន្រ្តីការិយាល័យជំនាញ អាជ្ញាធរភួមិឃុំ ព្រមទាំងភាគីទំនាស់មានទាំងពលរដ្ឋក្នុងភូមិផងដែរ។
ឆ្លងតាមការលើកឡើងរបស់ភាគីទំនាស់ ដែលមានលោកតា ឈ្មោះ ឃុត ជាម អាយុ៧២ឆ្នាំ និងកូនចៅដែលរងការបិទផ្លូវចូលចម្ការ ពីសំណាក់ភាគីម្ខាងទៀតឈ្មោះ កៅ វាសនា ភេទប្រុស អាយុ៣៨ឆ្នាំ និងឈ្មោះ កៅ សាម៉ុន ភេទស្រី អាយុ៤២ឆ្នាំ ដែលជាបងប្អូននិងគ្នាពីមូលហេតុ នៃការសំណូមពរ និងការបិទផ្លូវរួចមកលោកអភិបាលស្រុក និងមន្រ្តីជំនាញបានពន្យល់ពីអង្គហេតុ អង្គច្បាប់ និងនីតិវីធិមួយចំនួន តាមនយោបាយឈ្នះឈ្នះ និងជៀសវាងការប្តឹងផ្តល់គ្នាវែងឆ្ងាយ ខាត់ពេលវេលា និងទ្រព្យធន មើលមុខគ្នាមិនចំ ដល់ភាគីទំនាស់រហូតភាគីសងខាង បានយល់ឈានដល់ការបញ្ចប់ទំនាស់ជាមួយគ្នា ដោយភាគីលោកតា ឃុត ជាម ដែលមិនមានផ្លូវចូលចម្ការ ព្រមទិញដីបើកផ្លូវចូលចម្ការខ្លួន ដែលមានទទឹងបីម៉ែត្រ បណ្តោយពីផ្លូវធំរហូតដល់ដីចម្ការគាត់ ពីភាគីអ្នកធ្វើរបងលួសបិទផ្លូវខាងមុខ និងខាងក្រោយ មិនអោយគាត់ចូលដែលមានឈ្មោះ ឡៅ សាវឿននិងប្រពន្ធឈ្មោះ កៅ សាម៉ុន និងឈ្មោះ កៅ វាសនា និងប្តីឈ្មោះ អាន ឃ្លឹម នៅចំនុចចំហៀងខាងលិចដី ដែលមិនមែនជាដីផ្លូវចាស់ ក្នុងតំលៃ ៨មុឺនបាត។ តាមរយៈការសះជានេះ ភាគីទាំងអស់ក៏បានព្រមព្រៀងធ្វើកំណត់ហេតុ និងកិច្ចសន្យាមិនជេរបញ្ជោរ និងបរិហាកេរ្តិ៍គ្នាទៅវិញទៅមក ។
សូមបញ្ជក់ថា មុនឈានដល់ការដោះស្រាយបញ្ចប់រឿងពីសំណាក់លោកអភិបាលស្រុកនេះ គី ភាគីទាំងសងខាង បានប្តឹងផ្តល់គ្នាតាំងពីថ្នាក់ភូមិ ថ្នាក់ឃុំទោះបីជាអាជ្ញាធរបានដោះស្រាយភ្លាមៗ ជាបន្តបន្ទាប់នៅតែដោះស្រាយមិនបាន ដោយមូលហេតុ ភាគីទាំងសងខាង មិនព្រមសម្របសម្រួលគ្នា ហើយមូលហេតុ នៃទំនាស់ គឺ ផ្តើមចេញពីគោលោកតា ឃុត ជាម សុីដំណាំហើយមិនមានការសម្របសម្រួលគ្នា កើតជាមាត់តូចមាត់ធំដាក់គ្នា ក៏កើតជាជម្លោះបិទផ្លូវកាលពីចុងខែមិថុនា ឆ្នាំ២០២៤ រហូតដឹងដល់អភិបាលស្រុក កោះហៅដោះស្រាយ និងបានបញ្ចប់ដោយសន្តិវិធីតែម្តង ៕
ដោយ ៖ សម្បត្តិ សីហា