មន្ត្រីជាន់ខ្ពស់កសិកម្ម ៖ ក្រុមហ៊ុនចំនួន២ គ្រោងបង្កើតបង្កើតកសិដ្ឋានចិញ្ចឹមសត្វ និងផលិតជីលាមកសត្វ នៅកំពង់ស្ពឺ
កំពង់ស្ពឺ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ លោក គី ចន្ទ័រំដួល បានលើកឡើងថា មានក្រុមហ៊ុនធំចំនួន២ គ្រោងនឹងបង្កើតកសិដ្ឋានចិញ្ចឹមសត្វ និងផលិតជីដែលកែច្នៃចេញពីលាមកសត្វ នៅខេត្តកំពង់ស្ពឺ ។
ការឱ្យដឹងបែបនេះ គ្រាដែលលោកដឹកនាំប្រតិភូជាន់ខ្ពស់នៃអ្នកវិនិយោគក្រុមហ៊ុនឧកញ៉ា ស្រី ចន្ធូ និងក្រុមហ៊ុន ហ៊ុយ យន់ ជីកសិកម្ម មន្ទីរជំនាញកសិកម្ម ចុះពិនិត្យសក្តានុពលវិនិយោគ លើផ្នែកកសិកម្ម និងវារីវប្បកម្មនៅក្នុងខេត្តកំពង់ស្ពឺ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ។
លោក គី ចន្ទ័រំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទបានលើកឡើងថា ខេត្តកំពង់ស្ពឺគឺជាខេត្ត ដែលមានសក្តានុពលខ្លាំងផ្នែកកសិកម្ម កសិឧស្សាហកម្ម និងឧស្សាហកម្ម ដែលអ្នកវិនិយោគជាតិ អន្តរជាតិចាប់អារម្មណ៍និងដាក់គោលដៅមកលើខេត្តនេះ។ ដោយភាពអំណោយផលនេះហើយ ទើបមានក្រុមហ៊ុនចំនួន២ គឺ ក្រុមហ៊ុនឧកញ៉ា ស្រី ចន្ធូ និងក្រុមហ៊ុន ហ៊ុយ យន់ ជីកសិកម្ម បានចាប់អារម្មណ៍និងចុះសិក្សាស្វែងយល់នៅថ្ងៃនេះ។
លោក គី ចន្ទ័រំដួល បានបញ្ជាក់ថា ក្រោយចុះពិនិត្យ សិក្សាស្វែងយល់នៅតាមកសិដ្ឋាននានា រួចមកក្រុមហ៊ុនឧកញ៉ា ស្រី ចន្ធូ បានចាប់អារម្មណ៍ខ្ពស់ លើការវិនិយោគវិស័យចិញ្ចឹមសត្វគោ ដាំស្មៅ និងអភិវឌ្ឍន៍វិស័យវារីវប្បកម្មដើម្បីលើកកម្ពស់សេដ្ឋកិច្ចក្នុងខេត្ត ហើយទន្ទឹមនោះដែរក្រុមហ៊ុន ហ៊ុយ យន់ ផលិតជីកសិកម្មក៏បានចាប់អារម្មខ្ពស់ផងដែរលើការប្រមូលកាកសំណល់លាមកសត្វគោ ជ្រូក ចេញពីកសិដ្ឋាននានាដើម្បីកែច្នៃនិងផលិតជាជីកសិកម្ម ។
លោក យឹម ណន អនុប្រធានក្តាប់រួមនៃមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ បានបញ្ជាក់ឱ្យដឹងផងដែរថា ខេត្តកំពង់ស្ពឺមានកសិដ្ឋានចិញ្ចឹមជ្រូករហូតដល់ទៅ២២៧កន្លែង និងកសិដ្ឋានចិញ្ចឹមសត្វគោចំនួន៧កន្លែង។ កសិដ្ឋានទាំងអស់នេះ នឹងធានាដល់ការផ្គត់ផ្គង់វត្ថុធាតុដើម ដល់ក្រុមហ៊ុនខាងលើសម្រាប់ផលិតនិងកែច្នៃជីកសិកម្មបានផងដែរ ៕
ដោយ ៖ ប៊ុត សារុន