លោកជំទាវ បាន ស្រីមុំ បានដឹកនាំមន្ត្រីជំនាញ និងក្រុមការងារ ចុះពិនិត្យប្រព័ន្ធធារាសាស្ត្រ និងការបង្កបង្កើនផលស្រូវដើមរដូវវស្សា របស់កសិករ

ប៉ៃលិន ៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន កាលពី ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីជំនាញ និងក្រុមការងារ ចុះពិនិត្យប្រព័ន្ធធារាសាស្ត្រ និងការបង្កបង្កើនផលស្រូវដើមរដូវវស្សា នៅឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ព្រមទាំងស្នើឲ្យកសិករជំរុញការងារបង្កបង្កើនផល ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ ដែលជាផ្នែកសេដ្ឋកិច្ចដ៏សំខាន់របស់ប្រជាជនទូទៅ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា សម្រាប់ប្រទេសកម្ពុជា ស្រូវគឺជាដំណាំមួយដ៏សំខាន់នៅក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ដោយដំណាំនេះ បានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងសេដ្ឋកិច្ច វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ជាតិសាសន៍យើងតាំងតែពីអតីតកាលដ៏យូរលង់ណាស់មកហើយ ព្រមទាំងបានជួយផ្លាស់ប្តូរសេដ្ឋកិច្ច ពលរដ្ឋបានមួយផ្នែកធំ បន្ទាប់ការងាររកប្រាក់ចំណូលផ្សេងៗរបស់គ្រួសារ។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា ចំពោះបញ្ហាប្រឈម សំណូមពរ និងការលំបាក របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន គឺសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែមានការគិតគូរយកចិត្តទុកដាក់ខ្ពស់គ្រប់កាលៈទេសៈ និងដោះស្រាយ បានទាន់ពេលវេលា បើទោះបីស្ថិតក្នុងស្ថានភាពណាក៏ដោយ ជាពិសេសសម្ដេចទាំងទ្វេរ តែងតែបានណែនាំ និងជំរុញដល់ស្ថាប័ន ជំនាញ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវតែយកចិត្តទុកដាក់ឲ្យបានជាប្រចាំ ដើម្បីចុះជួយអន្តរាគមន៍ដោះស្រាយ ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏បានមានប្រសាសន៍អំពាវនាវដល់បងប្អូនប្រជាកសិករទាំងអស់ ដែលមានដី ស្រែនៅជាប់នឹងមាត់ប្រឡាយបង្ហូរទឹក មិនត្រូវគិតតែពីផលប្រយោជន៍បុគ្គលឡើយ គឺត្រូវគិតពីផលប្រយោជន៍រួម ពោលគឺមិនត្រូវធ្វើទំនប់ស្ទាក់ទឹកប្រឡាយសម្រាប់បង្ហូរចូលដីស្រែរបស់ខ្លួនតែម្នាក់ឯងនោះឡើយ គឺត្រូវបង្ហូរចែកចាយដល់ប្រជាកសិករ ដែលមានដីស្រែនៅផ្នែកខាងក្រោយ និងខាងក្រោមៗ ផងដែរ ហើយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវធ្វើការតាមដាន និងជួយសម្របសម្រួល ឈរលើគោលការណ៍ស្មើភាពគ្នា ព្រមទាំងផ្លូវច្បាប់ ដើម្បីជាសវៀងការបង្ករជាទំនាស់ទៅថ្ងៃក្រោយ ។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ និងក្រុមការងារ ក៏បានអញ្ជើញពិនិត្យមើលបានអញ្ជើញពិនិត្យមើល ការដ្ឋានសំណង់ស្ទាក់ទឹកស្រែអន្ទាក់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលអនុវត្តគម្រោងដោយនាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧត្តុនិយម ហើយបើតាមការបញ្ជាក់របស់លោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត បន្ទាប់ពីគម្រោងស្ទាក់ទឹកស្រែអន្ទាក់នេះស្ថាបនារួចរាល់ នឹងមានលទ្ធភាព ស្រោចស្របផ្ទៃដីធ្វើស្រែ ជាង ១ពាន់ហិចតា និងផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់នៅរដូវប្រាំង រួមទាំងការដាំដុះបន្លែបង្ការផង នៅភូមិកោះកែវ, ស្រែអន្ទាក់ ក្នុងឃុំសាលាក្រៅ និងភូមិភ្នំក្រិញ, ភ្នំព្រាល, បាយសី, អូរកន្ទៀងវ៉ា, ដីស្អិត, ដីស, អូរដូនតា, ក្នុងឃុំស្ទឹងត្រង់ ។

បើតាមរបាយការណ៍របស់លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឱ្យដឹងថា នៅឆ្នាំ២០២៤នេះ ខេត្តប៉ៃលិន មានផ្ទៃដីដាំដុះស្រូវ ចំនួន ៤៧៥៩ហិចតា ស្ថិតក្នុងស្រុកសាលាក្រៅ ដោយឃុំស្ទឹងត្រង់ ចំនួន ១៦៥១ហិចតា និងឃុំសាលាក្រៅ ចំនួន ៣១០៨ហិចតា ៕

CATEGORIES
Share This