លោកជំទាវ បាន ស្រីមុំ ជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជូនដល់មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ
ប៉ៃលិន ៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត ប៉ៃលិន និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងក្រុមការងារកាលពីរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជូនដល់មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិទូទាំងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍ប្រសាសន៍លើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរ ធិប តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជាមានសន្តិភាពពេញលេញ មានស្ថិរ ភាព រឹងមាំ កិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការគិតគូរពីសុខមាលភាពរបស់ប្រជាពលរដ្ឋ និងការផ្តល់សេវា សា ធារណៈភាពចាំបាច់នានា នៅតែជាបញ្ហាអាទិភាពរបស់អាជ្ញាធរ និងមន្ត្រីជំនាញគ្រប់ជាន់ថ្នាក់ ដែលត្រូវយកចិត្តទុក ដាក់ជាប្រចាំ ដើម្បីធានាឱ្យពលរដ្ឋគ្រប់រូប និងសង្គមទាំងមូល មានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា។
លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា ប្រជាការពារ គឺមានភារកិច្ចការពារសន្តិសុខ នៅ ក្នុងមូលដ្ឋានរបស់ខ្លួន ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ ទទួល បានការ រស់នៅប្រកបដោយក្តីសុខ សប្បាយរីករាយ គ្មានប៉ះ ពាល់ ដល់សណ្តាប់ធ្នាប់ ឬការរំខានណាមួយ និងត្រូវទប់ស្កាត់ នូវរាល់ បទ ល្មើសផ្សេងៗ មានដូចជា អំពើចោរកម្ម ក្មេង ទំនើង ការបង្កសំឡេងរំខាន និងបញ្ហាបទល្មើសគ្រឿងញៀនផង ដែរ ដែលភារកិច្ចទាំងអស់នេះ គឺប្រជាការពារយើង អាចរួមចំណែក នៅក្នុងកិច្ចការពារសន្តិសុខ មិនខុសអីពី សមត្ថកិច្ច នគរបាលនោះទេ ពោលគឺ កម្លាំងប្រជាការពារយើង អាចធ្វើ កិច្ចសហការជាមួយនឹងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ដើម្បីធានានូវសន្តិសុខសណ្ដាប់ធ្នាប់ល្អ នៅក្នុងមូលដ្ឋាន របស់ខ្លួន ។
នៅក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏បានមានប្រសាសន៍សំដែងនូវការកោតសរសើរ និងវាយ តម្លៃ ខ្ពស់ ចំពោះបងប្អូនជា មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិទាំងអស់ ដែលបានលះបង់នូវពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ចូលរួមសហការជាមួយ អាជ្ញាធរដែនដី ធ្វើឲ្យភូមិឃុំរបស់យើងមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ ជាភូមិ/ឃុំប្រកបដោយសុវត្ថិភាព ពិសេសគឺចូលរួមការពារសមិទ្ធផលនានា ដែលជាសម្បត្តិរួម របស់ យើង ឲ្យបានគង់វង់យូរអង្វែង ដើម្បីជាប្រយោជន៍របស់យើងទាំងអស់គ្នា និងកូនចៅជំនាន់ក្រោយ ។
សូមបញ្ជាក់ថា ក្នុងពិធីសំណេះសំណាលនោះដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានផ្តល់អំណោយ មនុស្ស ធម៌ ដល់មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិទូទាំងឃុំស្ទឹងត្រង់ ចំនួន ៤២៨នាក់ ដោយក្នុងម្នាក់ៗទទួល បានរួមមាន៖ អង្ករ ២៥គក, មី ០១កេស, ត្រីខ ០១យួ និងថវិកាចំនួន ១០០.០០០រៀល ព្រមទាំងពិសារអាហារ សាមគ្គី រួមគ្នាផងដែរ ៕