ម៉ូតូពីរគ្រឿង បុកគ្នាពេញទំហឹង បណ្តាលអោយមនុស្ស ០២នាក់ រងរបួសធ្ងន់

បាត់ដំបង ៖ មនុស្សប្រុសស្រី០២នាក់ បានរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ០២គ្រឿងបុកគ្នា នៅវេលាម៉ោង ២០និង៤០នាទី ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ នៅត្រង់ចំណុចក្រុមទី១៨ ភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងរវាងម៉ូតូម៉ាកណិច (NEX) ពណ៌ស គ្មានស្លាកលេខ ០១គ្រឿងបើកបរដោយឈ្មោះ ម៉ៅ ដាំផូច ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ ជាងចម្លាក់ មានទីលំនៅភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង បើកបរក្នុងល្បឿនយ៉ាងលឿន ទិសដៅពីលិចទៅកើត ក៏ជ្រុលទៅបុកម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AL-6940 បើកបរដោយឈ្មោះ ហ្វា ទន ភេទស្រី អាយុ ៤៦ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង បណ្តាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់ ។

ប្រភពដដែលបានបន្តថា ក្រោយពេលកើតហេតុជនរងគ្រោះទាំង០២នាក់ត្រូវបានសមត្ថកិច្ចដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យស្នងការនគរបាលខេត្ត ចំណែកម៉ូតូទាំង០២គ្រឿងខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកដើម្បីបន្តនីតិវិធី ៕

ដោយ ៖ សាលី

CATEGORIES
Share This