កម្ពុ​ជា​មាន​តម្រូវការ​បន្លែ​ប្រមាណ​ ១​លាន​តោន ​កាលពីឆ្នាំកន្លងទៅ​

20

ភ្នំពេញ ​៖ ពេញ​មួយឆ្នាំ ២០២០ កម្ពុជា មាន​តម្រូវការ​បន្លែ ប្រមាណ ១​លាន​តោន ដោយ​ក្នុងនោះ ការផលិត​បន្លែ​ក្នុងស្រុក​ផ្គត់ផ្គង់​ទីផ្សារ​បាន​ប្រមាណ ​ជិត​៧០​ភាគរយ ​និង​៣០​ភាគរយ​ទៀត ត្រូវ​នាំចូល​ពី​ប្រទេសជិតខាង​។

យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កសិកម្ម បាន​ឲ្យ​ដឹងថា តាម​ការ​ប៉ាន់ស្មាន​តម្រូវការ​បន្លែ​នៅ ក្នុង​ឆ្នាំ​២០២០ មាន​ចំនួន​សរុប ១ ០៤៥ ៧២៥​តោន ហើយ​ជាក់​ស្តែង​ផលិតកម្ម​បន្លែ​ក្នុងស្រុក​មាន លទ្ធភាព​ផ្គត់ផ្គង់​ប្រមាណ​ត្រឹមតែ ៧១៦ ១១៣​តោន ស្មើនឹង​ ៦៨% ក្នុងនេះ នៅ​រដូវប្រាំង ៦៩% និង​រដូវរំហើយ ៧៥%​។ ក្រៅពីនេះ ​កម្ពុជា​ចាំបាច់​ត្រូវ​នាំចូល​បន្លែ​សរុប​ចំនួន ៣២៩ ៦១២​តោន ដែល​ភាគច្រើន​កម្ពុជា​មិនអាច​ផលិត​បាន​។

កំណើនសេដ្ឋកិច្ច ​គឺជា​ដើមចម​មួយ​យ៉ាង​សំខាន់​នៃ​ដំណើរការ​វិវត្តន៍​រីកចម្រើន​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ចាប់អារម្មណ៍​គិតគូ​ពី​ការរស់នៅ​ស្អាត បញ្ហា​សុខភាព ​និង​មាន​និន្នាការ​ប្រកាន់យក​របប​អាហារ​មួយ​មានគុណ​ភាព ​និង​សុវត្ថិភាព ​ជាពិសេស បន្លែ ផ្លែឈើ និង​ត្រី​សាច់​។

ដើម្បី​ឆ្លើយតប​តាម​សេចក្តីត្រូវការ​យ៉ាង​ទទូច​របស់​អ្នក​បរិភោគ​បន្លែ និង​ផ្លែឈើ​មានគុណ​ភាព​ និង​សុវត្ថិភាព​ល្អ និង​ជាពិសេស​ស្រប​ពេលដែល​រាជរដ្ឋាភិបាល​បាន​ជំរុញ លើកទឹកចិត្ត និង​គាំទ្រ​ឲ្យ ប្រជាពលរដ្ឋ​ខិតខំ​យកចិត្តទុកដាក់​បង្កើន​ការដាំដុះ​បន្លែ​ក្នុងស្រុក ដើម្បី​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ ​ជួយ​បង្កើន​ប្រាក់ចំណូល​ក្នុង​គ្រួសារ បង្កើត​ការងារ និង​ឆក់​យក​កាលានុវត្តភាព ​ដែល​ពិភពលោក​កំពុង​ប្រឈម​នឹង​វិបត្តិ​ នៃ​ការរីក​រាលដាល​ជាស​កល​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩​ ដើម្បី​ពង្រីក​សក្ដានុពល​ផលិតកម្ម​បន្លែ​សុវត្ថិភាព ឈាន​ទៅ​កាត់បន្ថយ​ការនាំ​ចូល ។

ឆ្លើយតប​ទៅតាម​សេចក្តីត្រូវការ​ចាំបាច់​នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ​ដែលមាន​អគ្គនាយកដ្ឋាន​កសិកម្ម​ជា​សេនាធិការ ដោយ​ទទួល​បាន​ការ​គាំទ្រ​ទាន់ពេលវេលា​ពី​រាជរដ្ឋាភិបាល​តាមរយៈ ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ដៃគូ​អភិវឌ្ឍន៍ ជាពិសេស​មូល​និធិ​អន្តរជាតិ​សម្រាប់​ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម ​បាននិងកំពុង​ជំរុញ គាំទ្រ និង​លើក ទឹកចិត្ត​ឲ្យ​វិស័យ​ឯកជន​ រួមជាមួយ​ដៃគូ​អភិវឌ្ឍន៍​ជាច្រើន​ដូចជា​គម្រោង កម្មវិធី ASPIRE, CASDP, LEAP, និង CHAIN ​អនុវត្ត​គម្រោង​ផលិតកម្ម​បន្លែ​សុវត្ថិភាព​ជាមួយ​កសិករ​ និង​ដៃគូនានា ​នៅ​ទូទាំងប្រទេស ​ហើយ​តាមរយៈ ​កិច្ចសហការ​ដ៏​ល្អ​នេះ ក្រសួង​សង្ឃឹម និង​ជឿជាក់​យ៉ាង​មុតមាំ​ថា​អនាគត​ដ៏​ខ្លី ​កម្ពុជា​នឹង​មាន​បន្លែ​សុវត្ថិភាព​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ ​ក្នុងស្រុក និង​ធ្វើការ​នាំចេញ​។

ជាងនេះទៅទៀត ក្រសួង​ក៏បាន​គិតគូ​យកចិត្តទុកដាក់​សិក្សា ស្រាវជ្រាវ​ផង​ដែរ​អំពី​លទ្ធភាព​ពង្រីក​នៃ​ការផលិត​បន្លែ​សំខាន់ៗ​មួយ​ចំនួន​ដូចជា​ ស្ពៃក្តោប ស្ពៃបូកគោ ការ៉ុត ដំឡូងបារាំង និង​មើម​ខ្ទឹមស​។​ល​។ នៅ​ខេត្ត​មណ្ឌល​គិរី ​ដែលជា​ខេត្ត​មាន​លក្ខណៈ​ភូមិសាស្ត្រ ​និង​សក្ដានុពល​ក្នុង​ការផលិត​បន្លែ​សំខាន់ៗ​ ទាំងនេះ ​ដើម្បី​រួមចំណែក​បំពេញ​បន្ថែម​សេចក្តីត្រូវការ​។

ក្នុង​ឆន្ទៈចូលរួម​លើកកម្ពស់​គុណភាព​ផលិត ប្រសិទ្ធភាព​សេដ្ឋកិច្ច ផ្តល់​ភាព​យុត្តិធម៌ ​និង​ជំនឿ​ទុកចិត្ត​ដល់​អ្នក​បរិភោគ អគ្គនាយកដ្ឋាន​កសិក​ម្ម ​សហការ​ជាមួយ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​រាជធានី​-​ខេត្ត ​ធ្វើការ​បណ្តុះ​បណ្តាល​ស្តីពី​គោលការណ៍​កសិកម្ម​ល្អ​លើ​ដំណាំ​បន្លែ (GAP) គោលការណ៍​បច្ចេកទេស​សរីរាង្គ​៕

ចំណែក