សម្ដេច​ក្រឡាហោម ស ខេង ​បញ្ជា​ឱ្យ​សមត្ថកិច្ច ​ស្រាវជ្រាវ​ចាប់​ម៉ូតូ​ធំៗ​ ដែល​បង្ក​សំឡេង ​រំខាន​ដល់​ពលរដ្ឋ

18

ភ្នំពេញ ៖ ​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី ​និង​ជា​រដ្ឋ​មន្ដ្រី​ក្រសួងមហាផ្ទៃ ​នៅ​ព្រឹក​ថ្ងៃទី​៨ ​ខែមករា ឆ្នាំ​២០២១​នេះ ​បានដាក់​បទបញ្ជា​ឲ្យ​កម្លាំង​នគរបាល ​ពិសេស​នៅ​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​សហការ​ជាមួយ​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន ដើម្បី​ស្រាវជ្រាវ​កំណត់​អត្តសញ្ញាណ​ម៉ូតូ​ធំ ដែល​បង្ក​សំឡេង ​រំខាន​ដល់​ប្រជាពលរដ្ឋ​។

បទបញ្ជា​ជាថ្មី​របស់ សម្ដេច​ក្រឡាហោម ស ខេង បាន​ធ្វើឡើង​ក្នុង​ឱកាស​ដឹកនាំ​កិច្ចប្រជុំ​អន្ដរក្រសួង ដើម្បី​កែសម្រួល​លក្ខណៈសម្បត្តិ នៃ​គោលនយោបាយ​ភូមិ​ឃុំ ​មាន​សុវត្ថិភាព ​នៅ​ព្រឹក​ថ្ងៃទី​០៨ ខែមករា ​ឆ្នាំ​២០២១​។ ​កិច្ចប្រជុំ​នេះ ​ត្រូវបាន​ធ្វើឡើង​ទីស្ដីការ​ក្រសួងមហាផ្ទៃ​ ដែលមាន​ការចូលរួម​ពី រដ្ឋមន្ដ្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួង​ដែល​មាន​ការ​ពាក់ព័ន្ធ និង​ប្រធាន​ស្ថាប័ន​ជាច្រើន​ផ្សេងទៀត​ផងដែរ​។

ការដាក់​បទបញ្ជា​របស់ សម្ដេច​ក្រឡាហោម ស ខេង ធ្វើឡើង​បន្ទាប់ពី​សម្ដេច​សង្កេតឃើញ​ថា មាន​ករណី​ក្មេង​ទំនើង​មួយ​ចំនួន​ជិះ​ម៉ូតូ​ធំ កែច្នៃ​បំពង់​ស៊ីម៉ាំង ​ខុស​លក្ខណៈ​បច្ចេកទេស​នៃ​ទ្រង់ទ្រាយ​ដើម ហើយ​មាន​សំឡេង​លឺ​ខ្លាំង​បង្ក​ការរំខាន​ដល់​ប្រជាពលរដ្ឋ ពិសេស​សម្ដេច​ផ្ទាល់​ក៏​ធ្លាប់​ជួប​ការ​រំខាន ដោយ​សំឡេង​បំពង់​ស៊ី​ម៉ាំង​នេះ​ផងដែរ​។

សម្ដេច​ក្រឡាហោម ស ខេង បាន​ថ្លែងថា «​បច្ចុប្បន្ន​នៅក្នុង​ក្រុង​ម៉ូតូ​ធំៗ​ច្រើន ហើយ​ក្រសួង​សាធារណការ បញ្ជូន​ផ្លាក​លេខ​មក​ប៉ូលិស ​ដើម្បី​ឲ្យ​ដឹង​អាសយដ្ឋាន​ម៉ូតូ​ហ្នឹង ​ព្រោះ​ម៉ូតូ​នេះ​ សុទ្ធតែ​ក្មេង​ទំនើង​ជិះ ​វា​ជិះ​ហើយ​វា​ដក​បំពង់​ស៊ី​ម៉ាំង​ចេញ​។ បើ​វា​ជិះ​មុខ​ផ្ទះ​យើង ​បើ​ដេក​កំពុងតែ​ស្ងប់​ ដឹង​តែ​ភ្ញាក់​, សម្ដេច​ នាយក​រដ្ឋមន្ដ្រី ធ្លាប់​រអ៊ូ ​លើ​បញ្ហា​នេះ​ នៅ​ម្ដុំ​វិមានឯករាជ្យ​»​។

សម្ដេច​ក្រឡាហោម ស ខេង បាន​កត់​សម្គាល់ថា ​កន្លងទៅ​អ្នកជិះ​ម៉ូតូ​ធំៗ​នេះ​ គឺ​ជិះ​លឿនៗ ​ហើយ​ខ្លះ​បាន​បង្ក​ការរំខាន​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ​និង​ពេលខ្លះ​រំខាន​ដល់​ដំណេក​របស់​ថ្នាក់ដឹកនាំ​ថែម​ទៀតផង ​ដូច្នេះ​ មន្ដ្រីនគរបាល​ ត្រូវ​ឃ្លាំមើល​សហការ​ជាមួយ​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន ​ដើម្បី​កំណត់​អត្តសញ្ញាណ​ និង​អាសយដ្ឋាន​អ្នក​ជិះ​ម៉ូតូ​ទាំង​អស់នេះ​។ សម្ដេច​ក្រឡាហោម ​ស ខេង បាន​សង្កត់ធ្ងន់​ទៀតថា​ «​ករណី​ម៉ូតូ​ធំ​បង្ក​ជា​សំឡេង​រំខាន​ នេះ​ត្រូវតែ​លុបបំបាត់ ​ដោយ​មិនត្រូវ​ឲ្យ​មាន​បន្ដទៀត​នៅក្នុង​សង្គម​ឡើយ​»៕

ចំណែក