ដុតបំផ្លាញគ្រឿងញៀន ជាង២២គីឡូក្រាម ក្រោយយុទ្ធនាការបង្ក្រាប ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង
បាត់ដំបង ៖ នៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ លើទឹកដីខេត្តបាត់ដំបង បានធ្វើការដុតបំផ្លាញចោលគ្រឿងញៀន ជាង២២គីឡូក្រាម ក្រោយបង្ក្រាបជាបន្តបន្ទាប់ ក្នុងភូមិសាស្ត្រនៃខេត្តបាត់ដំបង ។
ឯកឧត្តម មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអានសាលិខិតទាំងស្រុងរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបានបញ្ជាក់ថា គ្រឿងញៀនដែលដុតបំផ្លាញចោលនៅព្រឹកនេះ មានទម្ងន់ចំនួនជាង ២២គីឡូក្រាម ដែលបានអនុវត្តក្រោមវិធានការច្បាប់ នៃដីកាសម្រេចលើសំណុំរឿងព្រហ្មទណ្ឌសរុបចំនួន ១៦៩ករណី ក្នុងនោះរួមមានវត្ថុតាងសារធាតុញៀនមេតំហ្វេតាមីនប្រភេទម្ស៉ៅក្រាម ទម្ងន់ ២០.០៥៤,២៩ក្រាម ,ប្រភេទម្សៅ(កេតាមីន)ទម្ងន់ ៣១៨,៥៨ក្រាម ,ប្រភេទម្សៅថ្លា អឹមដេអឹមអា(MDMA)(អុិចស្ត្រាស៊ី)ទម្ងន់ ៤៤,៦៥ក្រាម ,ប្រភេទគ្រាប់ អឹមដេអឹមអា(MDMA)(អុិចស្ត្រាស៊ី)ទម្ងន់ ៦,៣៩ក្រាម ,ប្រភេទគ្រាប់ មេតំហ្វេតាមីន(WY)ទម្ងន់ ១.៨២៨,១៩ក្រាម ,ព្រមទាំងឧបករណ៍ប្រើប្រាស់សម្រាប់ជក់គ្រឿងញៀន និងវត្ថុតាងផ្សេងៗមួយចំនួនទៀត។
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានអោយដឹងដែរថា ព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនទូទាំងប្រទេស ក្រោមប្រធានបទ “រួមគ្នាវិនិយោគលើការបង្ការ ទប់ស្កាត់ ការលើកកម្ពស់ការអប់រំដើម្បីសហគមន៍គ្មានគ្រឿងញៀន” ហើយសម្រាប់ខេត្តបាត់ដំបង បានប្រារព្ធនាព្រឹកនេះ ដើម្បីដាស់តឿនក្រើនរំលឹក ដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋទាំងអស់ អោយយកចិត្តទុកដាក់ និងស្វែងយល់អំពីផលប៉ះពាល់ គ្រោះថ្នាក់បង្កឡើងដោយសារគ្រឿងញៀន និងរួមគ្នាបង្ការ ទប់ស្កាត់ លុបបំបាត់ តាមរយៈការប្រឆាំងគ្រឿងញៀន ស្របតាមទស្សនៈវិស័យចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន។
ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ និងមន្ត្រីរាជការ យុវជន សិស្សនិស្សិត ទាំងអស់ត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀនជាដាច់ខាត ព្រោះកន្លងមកនេះអាជ្ញាធរខេត្ត បានយកចិត្តទុកដាក់ខ្លាំងណាស់ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបានជាបន្តបន្ទាប់ចំពោះអ្នកប្រើប្រាស់ អ្នកផ្ទុក និងអ្នកចែកចាយគ្រឿងញៀន ដោយបានយកដាក់ទោសទន់ផងដែរ ៕
ដោយ ៖ សាលី