ឃាត់ខ្លួនជនសង្ស័យ០៤នាក់ ករណីចូលរួមសមាគមន៍នៃជនទុច្ចរិត បទបន្លំឯកសារសាធារណៈ និងបទរំលោភលើទំនុកចិត្ត
បាត់ដំបង ៖ ជនសង្ស័យ០៤នាក់ ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន ឃាត់ខ្លួន ពីបទ ចូលរួមសមាគមន៍នៃជនទុច្ចរិត បទបន្លំឯកសារសាធារណៈ និងបទរំលោភលើទំនុកចិត្ត ។
កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង ១៣និង១០នាទី ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៤ នៅចំណុចលើដងផ្លូវ ស្ថិតនៅក្នុងភូមិចំការល្ហុង ឃុំតាស្ដារ ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលជនសង្ស័យទី-១ឈ្មោះ វៀន វីនឌីន ហៅវីន ភេទប្រុស អាយុ២២ឆ្នាំ ជាជនជាតិវៀតណាម, ទី២-ឈ្មោះ ចាងវុាំង ឌុង ហៅតុង ភេទប្រុស អាយុ២៧ឆ្នាំ ជាជនជាតិវៀតណាម, ទី៣-ឈ្មោះ សុធី ម៉ាណែត ភេទប្រុស អាយុ២៥ឆ្នាំ ជាជនជាតិខ្មែរ, ទី៤-ឈ្មោះ ញឹម តាំ ហៅតុង អាយុ២៩ឆ្នាំ ជនជាតិខ្មែរ អ្នកទាំង០៤មានមុខរបរមិនពិតប្រាកដមានទីលំនៅបណ្ដោះអាសន្ននៅទីក្រុងភ្នំពេញ ។
វត្ថុតាងដកហូតរួមមាន ៖ រថយន្តម៉ាក TOYOTA PRIUS ស៑េរីឆ្នាំ2010 ពណ៌ទឹកមាស ចំនួន០១គ្រឿង ,ទួរស័ព្ទដៃចំនួន០៣គ្រឿង ,កាតគ្រីរថយន្តចំនួន០៣សន្លឹក ,ក្រដាសឈាកចំនួន០២សន្លឹក ,បណ្ណ័បង់ពន្ធរថយន្តចំនួន០២សន្លឹក ។
សមត្ថកិច្ចបានបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យទាំង០៤នាក់ខាងលើ គឺ ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ឈ្មោះ ឈុន ម៉េងឈាង ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិតាស្ដា ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ពាក់ព័ន្ធបទចោទខាងលើ ហើយបច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង អធិការនគរបាលស្រុកកំពុងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕
ដោយ ៖ សាលី