ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ ជនសង្ស័យម្នាក់ ជាអ្នកបើកបររថយន្ត ដែលជាប់ពាក់ព័ន្ធករណីបាញ់សម្លាប់នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ដោយផ្ដើមឡើងដោយគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានលោកឆាយ ហុង ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទ « អំពើឃាតកម្ម » តាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ រួចបញ្ជូនសំណុំរឿងបន្តទៅកាន់ចៅក្រមស៊ើបសួរ ដើម្បីបន្តនីតិវិធីច្បាប់ ។
ជនសង្ស័យរូបនេះ មានឈ្មោះ កែ ចាន់មាន មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅ ភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ រូបគេ ត្រូវបានកម្លាំងនគរបាល បញ្ជូនខ្លួនទៅដល់តុលាការ តាំងពីព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ម្សិលមិញ មកម្ល៉េះ ប៉ុន្តែការសាកសួរពីសំណាក់លោក ឆាយ ហុង ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ ពុំទាន់សម្រេចយ៉ាងណានោះទេ គិតរហូតត្រឹមព្រឹកថ្ងៃទី០៨នេះ នគរបាលបានបន្តបញ្ជូនខ្លួនជនសង្ស័យមកតុលាការជាលើកទី២។
សូមបញ្ជាក់ថា អ្នកបើកបររូបនេះ ត្រូវបានកម្លាំងនគរបាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយនគរបាលខេត្តបាត់ដំបង ធ្វើការឃាត់ខ្លួនបានកាលពីវេលារសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ នៅក្នុងខេត្តបាត់ដំបង ។ ការចាប់ខ្លួនជនសង្ស័យរូបនេះ ធ្វើឡើងក្រោយអំពើបាញ់សម្លាប់លោក រ៉េត ស៊ីណែត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អស់រយៈពេល៥ថ្ងៃកន្លងទៅ ។
ចំពោះជនដៃដល់ជាខ្មាន់កាំភ្លើង កម្លាំងសមត្ថកិច្ចចម្រុះ បានកំពុងបន្តប្រតិបត្តិការសហការគ្នា ក្នុងការឈានទៅចាប់ខ្លួន ដែលសមត្ថកិច្ចកំណត់បានអត្តសញ្ញាណជនដៃដល់បានហើយ ហើយកំពុងឈានទៅ ចាប់ខ្លួនដល់ខេត្តចំនួន២ គឺខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។
អំពើបាញ់សម្លាញ់នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៤៩នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ លើមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងខណ្ឌពោធិ៍សែនជ័យ៕