ជនសង្ស័យ៨នាក់ ត្រូវបានអាវុធហត្ថចាប់ខ្លួន ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ផ្តល់ទីតាំងលេងល្បែង និងកាន់កាប់អាវុធខុសច្បាប់
បន្ទាយមានជ័យ ៖ ជនសង្ស័យក្មេងចាស់ ចំនួន០៨នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការបង្ក្រាបឃាត់ខ្លួន ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, ផ្តល់ទីតាំងបើកល្បែងស៊ីសងដោយខុសច្បាប់ និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យទាំង៨នាក់ខាងលើមានឈ្មោះ ៖ ១-ឈ្មោះ ធឿន ធូ ហៅធូ ភេទប្រុស អាយុ១៥ឆ្នាំ, ២-ឈ្មោះ យ៉ុង ចន្ថា ហៅថា ភេទប្រុស អាយុ២៩ឆ្នាំ, ៣-ឈ្មោះ ជៀវ ពេជ្រវិចិត្រ ភេទប្រុស អាយុ៣៣ឆ្នាំ, ៤-ឈ្មោះ សុខ អៀ ហៅកុងអៀ ភេទប្រុស អាយុ៧១ឆ្នាំ, ៥-ឈ្មោះ ភីន ភ័ក្រ ហៅភ័ក្រ ភេទប្រុស អាយុ២២ឆ្នាំ, ៦-ឈ្មោះ ញ៉ក់ វែង ភេទប្រុស អាយុ៣៩ឆ្នាំ, ៧-ឈ្មោះ លន់ ប៊ុនធឿន ភេទប្រុស អាយុ២៥ឆ្នាំ, ៨-ឈ្មោះ លាង ដារ៉ូ ហៅរ៉ូ ភេទប្រុស អាយុ២១ឆ្នាំ ។ អ្នកទាំងមានទីលំនៅក្នុងមូលដ្ឋាន ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការបង្ក្រាបឃាត់ខ្លួន បានកាលពីវេលាម៉ោង០៣ និង២០នាទីយប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចផ្សារអគារថ្មី ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាមួយវត្ថុតាងមួយចំនួន ដូចជា ៖ គ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា (ICE) ចំនួន៣៦កូនថង់កិប ទម្ងន់១១៧,៣០ក្រាម, គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង(WY)ចំនួន០១ថង់កិបពណ៌ខៀវ ស្មើនឹង២៥៤គ្រាប់ ទម្ងន់ ២៦,៥០ក្រាម, ទូរស័ព្ទចំនួន០៣គ្រឿង, កាំបិតកែច្នៃ ចំនួន០៤ដើម, ទូរហ្គេមបាញ់ត្រីអេឡិចត្រូនិច ចំនួន០៥គ្រឿង, គ្រឿងបន្លាស់អេក្រង់ ចំនួន០៤គ្រឿង, ថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បញ្ជាក់ថា ក្រោយឃាត់ខ្លួន និងសាកសួរ ជនសង្ស័យទាំង៨នាក់ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីចាត់តាមនីតិវិធីច្បាប់ ៕