លោកជំទាវ បាន ស្រីមុំ ពិនិត្យមើលការរៀបចំសណ្តាបធ្នាប់ និងសោភ័ណ្ឌភាព នៅរម្មណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ
ប៉ៃលិន ៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយ ក្រុមការងារ កាលពីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញពិនិត្យមើលការរៀបចំសណ្តាបធ្នាប់ និងសោភ័ណ្ឌភាព នៅរមណីយដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅស្ថិតក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ព្រមទាំងគ្រោងដាំដើមផ្កាក្ងោកបន្ថែមនៅអមសងខាងផ្លូវចូល ផងដែរ ដើម្បីផ្តល់សេវា និងភាពទាក់ទាញសម្រាប់ ភ្ញៀវ ទេសចរណ៍ជាតិ+អន្តរជាតិ មកកំសាន្ត អោយបានកាន់តែច្រើន ឡើងដែលជាកត្តាជួយ ជំរុញកំណើនសេដ្ឋកិច្ចរបស់ខេត្ត ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺបានបន្តខិតខំប្រឹងប្រែង ដោះស្រាយនូវរាល់ការលំបាក និងសំណូម ពរ របស់ប្រជាពលរដ្ឋ ព្រមទាំងបានបន្តការកសាងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមាន ការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាង ហេដ្ឋារចនាសម័ន្ធរូបវ័ននានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម ហើយ បច្ចុប្បន្ននេះ រដ្ឋបាល ខេត្តប៉ៃលិន បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈក្នុងខេត្ត រួមទាំងការ អភិវឌ្ឍន៍ តំបន់ រមណីយដ្ឋាន ទេសចរណ៍នានា ឱ្យបានកាន់តែល្អឡើងដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរ ជាតិ មកកំសាន្ត ក្នុង ខេត្តប៉ៃលិនយើង ឱ្យបានកាន់តែច្រើនឡើង ដែលជាចលករចូលរួមចំណែកក្នុងការជំរុញ កំណើនសេដ្ឋកិច្ច ជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។
លោកជំទាវបណ្ឌិតអភិបាល បានមានប្រសាសន៍បញ្ជាក់ថា ដោយមើលឃើញពីសក្តានុពល នៃវិស័យទេសចរ ធម្មជាតិ និងដើម្បីលើកកម្ពស់សោភ័ណភាព រមណីដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ លោកជំទាវ បានណែនាំអោយ យុវជនសសយក ខេត្ត សហការជាមួយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន រួមគ្នាធ្វើការរៀបចំសណ្តាប់ធ្នាប់ អនាម័យ និងកែរលម្អហេដ្ឋារចនាសម័ន្ធ ព្រមទាំងរុះរើកញ្ចុះដែលពុកផុយចេញ និងដាក់ជំនួសដោយកញ្ចុះថ្មី ដែលមានរចនាបថ បែប ទាក់ទាញ ប្រកបដោយសុវត្ថិភាព សម្រាប់ទទួលភ្ញៀវទេសចរណ៍ ចូលមកកម្សាន្តនៅលើទឹកដីដ៏តូចច្រឡឹងនៃខេត្ត ត្បូង ពេជ្រ មួយនេះ។
ឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៏បានប្រសាសន៍សំណូមពរដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ទាំងអស់ ដែលមកកំសាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តប៉ៃលិន ត្រូវរួមគ្នាសំអាតអនាម័យបរិស្ថាន ដោយត្រូវវេចខ្ចប់ កាកសំណល់សំរាមឲ្យបានល្អ និងនាំយកទៅទុកដាក់ឲ្យបានត្រឹមត្រូវតាមក្បួនខ្នាត ជៀសវាងការបោះចោលសំរាមគ្មាន សណ្តាប់ធ្នាប់ ដែលធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព និងអនាម័យសាធារណៈ ដោយឡែកបងប្អូនអាជីវករដែលលក់ ដូរ ម្ហូបអាហារ នៅតាមរមណីយដ្ឋាននានា ត្រូវមានអនាម័យ និងតម្លៃសមរម្យ ដើម្បីទាក់ទាញ សម្រាប់ភ្ញៀវទេសចរណ៍ ជាតិ+អន្តរជាតិ មកកំសាន្ត អោយបានកាន់តែច្រើន ។
សូមបញ្ជាក់ថា រមណីយដ្ឋាន ទឹកធ្លាក់អូរតាវ៉ៅ ជារមណីយដ្ឋានធម្មជាតិល្បីជាងគេ នៅក្នុងខេត្តប៉ៃលិន ដែល មានទឹកធ្លាក់រហូតដល់ ៩ជាន់ និងមានចម្ងាយចេញពីផ្លូវជាតិលេខ៥៧ ប្រមាណជាង ៧គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅក្រុងប៉ៃលិន ខេត្តប៉ៃលិន ហើយបច្ចុប្បន្នអាជ្ញាធរខេត្ត បានស្ថាបនារួចរាល់ ផ្លូវបេតុងអាមេ ១ខ្សែរ ប្រវែង ជាង ៣គីឡូម៉ែត្រ ឡើងទៅកាន់រមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅនេះ ដែលបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ របស់ ភ្ញៀវទេសចរណ៍ជាតិ+អន្តរជាតិ មកលេងកំសាន្ត ៕