ស្រូវវស្សាជាង១០ហិកតា នៅខេត្តកំពង់ស្ពឺ កំពុងរងការបំផ្លាញ ពីក្រុមដង្កូវហ្វូង
កំពង់ស្ពឺ ៖ ដំណាំស្រូវប្រជាកសិករប្រមាណជាង ១០ហិតា នៅក្នុងភូមិសាស្ត្រស្រុកថ្ពង ខេត្តកំពង់ស្ពឺ កំពុងការបំផ្លិចបំផ្លាញ ពីក្រុមដង្កូវហ្វូង នេះបើតាមសំដីរបស់មន្ត្រីអាជ្ញាធរ ប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។
អភិបាលស្រុកថ្ពងលោក ចែម ភឺនរីមវុទ្ឋី បានឱ្យដឹងថាមានឃុំចំនួន២ ក្នុងស្រុកនេះ គឺ ឃុំរុងរឿង និងឃុំប្រាំបីម៉ុម កំពុងទទួលរងការយាយីធ្ងន់ធ្ងរ ពីពពួកដង្កូវហ្វូងនេះ។ ដោយក្នុងនោះភូមិចំនួន៥ ក្នុងឃុំរុងរឿង ត្រូវហ្វូងដង្កូវស៊ីបំផ្លាញ អស់៥ហិតា និងឃុំប្រាំបីម៉ុម អស់៥ហិកតា ។
អភិបាលស្រុករូបនេះបន្តទៀតថា ទោះបីជាបច្ចុប្បន្នហ្វូងដង្កូវទាំងនោះ បានវិវឌ្ឍន៍ទៅជាមេអំបៅខ្លះហើយក្តី ក៏មន្ត្រីជំនាញក្រសួងនិងមន្ត្រីនៃមន្ទីរកសិកម្ម បាននិងកំពុងសហការគ្នាកំចាត់ដោយវិធីផ្សេងៗ ពិសេសបាញ់ថ្នាំសម្លាប់ដើម្បីកុំឱ្យប៉ះពាល់ដល់ទិន្នផលស្រូវ របស់ប្រជាពលរដ្ឋឯទៀត។
លោកបញ្ជាក់ថា មន្រ្តីជំនាញអគ្គនាយកដ្ឋានកសិកម្ម បានបង្ហាញពីវិធីសាស្រ្តចំនួន៣ ដើម្បីបង្ការផលប៉ះពាល់ពីដង្កូវហ្វូងនេះ គឺ ទី១. ត្រូវប្រើអន្ទាក់ជូរអែមនៅពេលយប់ , ទី២. ត្រូវជីកចង្អូរមាត់លើដែលមានមុខកាត់ ៣០សង់ទីម៉ែត្រ និងជម្រៅ២០សង់ទីម៉ែត្រ រួចរោយផេះ ឬកន្ទក់នៅបាតរណ្តៅ ដើម្បីបង្អាក់ការធ្វើដំណើររបស់ដង្កូវហ្វូង ក្នុងករណីចម្ការ ឬស្រែ គ្មានទឹក និងវិធីសាស្ត្រទី៣. ប្រសិនបើវិធីសាស្ត្រទាំង២ខាងលើ គ្មានប្រសិទ្ធភាពគឺចាំបាច់បំផុតត្រូវតែបាញ់ថ្នាំសម្លាប់សត្វល្អិតទៅពពួកដង្កូវទាំងនេះតែម្តងដើម្បីបញ្ជៀសការរីករាលដាលទៅកាន់ស្រែដ៏ទៃទៀត៕
ដោយ ៖ ប៊ុត សារុន