ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បន្តនាំយកអំណោយ ចែកជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងមូលដ្ឋានខេត្តបាត់ដំបង

77

បាត់ដំបង ៖ ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាសមាជិកឧត្តមក្រុមប្រឹក្សាអង្គការសម្ព័ន្ធពិភពឥស្លាម (RABITA) និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា នៅតែបន្តនាំយកអំណោយ ចែកជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងមូលដ្ឋានខេត្តបាត់ដំបង ។

ការនាំអំណោយចែកជូនប្រជាពលរដ្ឋនេះ ប្រព្រឹត្តិទៅកាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ នៅក្នុងបរិវេណសាលាបឋមសិក្សាឥស្លាមអាលីយ៉ាទុលហាំ ស្ថិតក្នុងភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ងួន រតន: អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងបានចែកជូនប្រជាពលរដ្ឋចំនួន១,០០០គ្រួសារ ក្នុងនោះមានស្រុកសង្កែ៥១០គ្រួសារ និង ក្រុងបាត់ដំបង៣៥០គ្រួសារ និងមកពីស្រុកផ្សេងៗទៀតចំនួន ២៤០គ្រួសារ ។

ឯកឧត្តមទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានថ្លែងថា ទោះបីជាទឹកជំនន់បានឆ្លងផុតទៅហើយក៏ពិតមែន ក៏ប៉ុន្តែតម្រូវការនិងភាពចាំបាច់របស់ប្រជាពលរដ្ឋ នៅតែត្រូវបានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលផ្តល់ជូនដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬសាសនាណាមួយឡើយ ហើយកញ្ចប់អំណោយទាំងអស់នេះ គឺជាការឧបត្ថម្ភរបស់អង្គការសម្ព័ន្ធពិភពឥស្លាម (RABITA) សហការជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានបន្ត ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាបិតាស្ថាបនិក អគ្គមគ្គទេស៍ និងជាប្រតិបត្តិករនយោបាយ ឈ្នះឈ្នះ ដែលបានតស៊ូរំដោះប្រទេសជាតិឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងបានខិតខំពុះពារកសាងសន្តិភាព ខឿនសេដ្ឋកិច្ច លទ្ធិប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គមដ៏គាប់ប្រសើរ។ហើយ «សន្តិភាព» របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺជាកត្តាសារវន្តមិនអាចខ្វះបាន សម្រាប់ការសម្រេចជោគជ័យ លើសមិទ្ធផលជាតិជាបន្តបន្ទាប់ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ហើយក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយកមន្ត្រីនៃយើងទាំងអស់គ្នា ដែលយើងសង្ឃឹមថា កម្ពុជាដ៏រាបណាមានសម្តេចលោកនៅដឹកនាំ គឺយើងនូវទទួលបាននៅជោគជ័យថ្មីៗបន្ថែមទៀត។

គួរបញ្ជាក់ថា អំណោយដែលត្រូវចែកជូន ប្រជាពលរដ្ឋក្នុង១គ្រួសារទទួលបាន ៖ អង្ក២០គីឡូក្រាម, មី១០កញ្ចប់, ត្រីខ៤កំប៉ុង, ស្ករស២គីឡូក្រាម, សាប៊ូ៤ដុំ, ប្រេងឆារ២លីត្រ, សាប៊ូលាងចាន១ដប, និងអំបិល២គីឡូក្រាម ៕

ដោយ ៖ សាលី

ចំណែក