រដ្ឋមន្ត្រីក្រសួងបរិស្ថានអំពាវនាវ ឲ្យពលរដ្ឋបញ្ឈប់ការកាប់ឈើ និងការធ្វើជំនួញសត្វព្រៃខុសច្បាប់

49

ព្រះវិហារ ៖ ឯឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងជំនួបពិភាក្សាមួយ រវាងក្រសួងបរិស្ថាន អាជ្ញាធរ និងប្រជាពលរដ្ឋខេត្តព្រះវិហារ បានមានប្រសាសន៍អំពាវនាវ ឲ្យពលរដ្ឋបញ្ឈប់ការកាប់ឈើ និងការធ្វើជំនួញសត្វព្រៃខុសច្បាប់ ។

ពិធីនេះ ប្រព្រឹត្តទៅកាលពីថ្ងែទី៥ ខែមករា ឆ្នាំ២០២១ នៅក្នុងដែនជម្រកសត្វព្រៃបឹងពែរ ស្ថិតក្នុងភូមិអូពោធិ៍ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ក្រោមអធិបតីឯឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងដោយមានការចូលរួមពីសំណាក់ឯឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ, ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងមន្ត្រីមន្ទីរជំនាញពាក់ព័ន្ធជំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ និង ប្រជាពលរដ្ឋចូលរួមជាច្រើននាក់ផងដែរ ។

ក្រៅពីប្រសាសន៍អំពាវនាវខាងលើ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បានក្រើនរំលឹក ដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៅក្នុងមូលដ្ឋាន ត្រូវបន្តរឹតបន្តឹងលើការការពារ អភិរក្សធនធានធម្មជាតិ និងជីវចម្រុះឲ្យបានម៉ត់ចត់បំផុត មិនត្រូវបណ្តែតបណ្តោយឲ្យមានការចូលបំផ្លិចបំផ្លាញតទៅទៀតឡើយ ។ ចំណែក ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននោះវិញ ក៏ត្រូវបញ្ឈប់ការបង្កទំនាស់លើរឿងដីធ្លី ការកាប់រុករានទន្ទ្រានដីរដ្ឋជាកម្មសិទ្ធិ ការបរបាញ់សម្លាប់ និងចាប់សត្វព្រៃគ្រប់ប្រភេទ និងការកាប់ឈើយកទៅធ្វើជំនួញដោយខុសច្បាប់ ហើយត្រូវចូលរួមអភិរក្សធនធានព្រៃឈើ ឲ្យបានគង់វង្ស ។ ម្យ៉ាងវិញទៀត ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ប្រកបរបរ ការកាប់ឈើ និងការបរបាញ់សត្វព្រៃយកទៅធ្វើជំនួញ គួរបង្វែរមកបង្កើតមុខរបរថ្មី លើការចិញ្ចឹមសត្វដូចជា សត្វគោ ក្របី ពិសេស សត្វចៀម និងសត្វពពែ ជំនួសវិញ ដើម្បីជួយបង្កើនជីវភាពឲ្យធូរធា និងរស់នៅប្រកបដោយសុច្ចរិតភាព ហើយក៏មិនប្រឈមនឹងការដាក់ទោសទណ្ឌនោះដែរ ។

ឯកឧត្តមមានប្រសាសន៍បញ្ចាក់ថា ចំពោះប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បើមានអាវុធកែច្នៃទុកសម្រាប់បរបាញ់សម្លាប់សត្វព្រៃ ហើយមានការភ្ញាក់រលឹកយកអាវុធនោះ មកប្រគល់ឲ្យអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីឧទ្យានុរក្សក្នុងមូលដ្ឋាន អាវុធកែច្នៃ១ដើម អាចប្តូរបានអង្ករ ១ការ៉ុង  តែបើមនុស្សដដែលយកអាវុធនោះ មកដូរយកអង្ករនៅពេលក្រោយទៀត បុគ្គលនោះនឹងក្លាយជាជនមានទោស ព្រោះបានប្រើប្រាស់អាវុធខុសច្បាប់ ៕

ដោយ ៖ រ៉ាស៊ី

ចំណែក