ឯកឧត្តម សុវណ្ណ សុភា ដឹកនាំគណៈប្រតិភូ ចូលរួមសន្និសីទ ភាពជាអ្នកដឹកនាំ ស្តីពីគ្រួសារសន្តិភាព នៅខេត្តនគរាជសីមា នៃព្រះរាជាណាចក្រថៃឡង់
បន្ទាយមានជ័យ ៖ គណៈប្រតិភូសមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អាណត្តិទី៤ ដឹកនាំដោយឯកឧត្តម សុវណ្ណ សុភា សមាជិកក្រុមប្រឹក្សាខេត្តតំណាងឲ្យឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត បន្ទាយមានជ័យ បានអញ្ជើញចូលរួមសន្និសីទ ភាពជាអ្នកដឹកនាំ ស្តីពីគ្រួសារសន្តិភាព នៅខេត្តនគរាជសីមា នៃព្រះរាជាណាចក្រថៃឡង់ រៀបចំឡើងដោយអង្គការ UPF ឥណ្ឌូចិន ដែលមានរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃ១៨ ដល់ថ្ងៃ២២ ខែមិថុនា ឆ្នាំ២០២៤ ។
ឯកឧត្តម សុវណ្ណ សុភា បានមានប្រសាសន៍ថា ដោយមានការសម្របសម្រួលពីឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមានការផ្តួចផ្តើមរៀបចំឡើងដោយអង្គការ UPF ឥណ្ឌូចិន ទើបគណៈប្រតិភូយើង បានធ្វើដំណើរឆ្លងកាត់ដោយមានភាពរលូន កាត់ព្រំដែនថៃ.កម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដោយប្រើលិខិតឆ្លងដែន (PASSPORT) ផ្ទាល់ខ្លួន ដោយមានសមាសភាពឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អាណត្តិទី៤ និងលោក ហាជីមិ សៃតុ (Hajime Saito) អនុប្រធានសហព័ន្ធសន្តិភាពសកលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច និងប្រទេសជប៉ុន និងក្រុមការងារ សរុបចំនួន២៦នាក់ ដើម្បីចូលរួមក្នុងពិធី “សន្និសីទ ភាពជាអ្នកដឹកនាំ ស្តីពីគ្រួសារសន្តិភាព” នៅខេត្តនគរាជសីមា នៃព្រះរាជាណាចក្រថៃឡង់។
ឯកឧត្តម បានបន្តថា ការធ្វើដំណើរនេះ ប្រើរថយន្តទេសចរណ៍ ១២កៅអី ចំនួន៣គ្រឿង ចាប់ពីច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ឆ្ពោះទៅកាន់ខេត្តនគរាជសីមា នៃព្រះរាជាណាចក្រថៃឡង់ ដែលមានចំងាយប្រមាណជាង២១៨គីឡូម៉ែត្រ ។
ក្នុងឱកាសដំណើរទស្សនកិច្ចនោះឯកឧត្តម សុវណ្ណ សុភា ជំនួសមុខឲ្យឯកឧត្តម លោកជំទាវគណៈប្រតិភូ សូមគោរពថ្លែងអំណរអរគុណដល់ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ជាពិសេសអង្គការ UPF ឥណ្ឌូចិន ដែលតែងតែចូលរួមឧបត្ថម្ភឧបត្ថម្ភគាំទ្រ និងផ្ដល់ឱកាសក្នុងការចូលរួមទស្សនកិច្ច និងផ្លាស់ប្ដូរបទពិសោធន៍ រវាងប្រទេសថៃ និងកម្ពុជា ជូនដល់ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ គ្រប់អាណត្តិផងដែរ ៕