អាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់ បញ្ជូនទៅតុលាការពាក់ព័ន្ធបទល្មើសគ្រឿងញៀន
បន្ទាយមានជ័យ ៖ ជនសង្ស័យជាជនជាតិថៃ ចំនួន២នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការបង្ក្រាបឃាត់ខ្លួន និងបញ្ជូនទៅតុលាការ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ខាងលើមានឈ្មោះ គៀតទីផុន ប៉ាក់ប៉ា ហៅ គៀម ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកកាស៊ីណូបច្ចុប្បន្នស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(ជួញដូរ និងប្រើប្រាស់), និងឈ្មោះ វ៉ាយូ ចាលើនសាយ ហៅ បុត ភេទប្រុស អាយុ២៣ឆ្នាំជនជាតិថៃ មុខរបរបុគ្គលិកកាស៊ីណូបច្ចុប្បន្នស្នាក់នៅ ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(រក្សាទុក និងប្រើប្រាស់) ។ ទាំង២នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការបង្ក្រាបឃាត់ខ្លួននៅវេលាម៉ោង០៨និង៣០នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ការឃាត់ខ្លួននេះ សមត្ថកិច្ចបានដកហូតនូវវត្ថុតាងមួយចំនួន ដូចជា ៖ គ្រឿងញៀនប្រភេទម្ស៉ៅម៉ត់និងក្រាមសថ្លា (កេតាមីន) ចំនួន១០កូនថង់កិប ទម្ងន់ ២៧,៣៧ក្រាម, ទូរស័ព្ទចំនួន ០២គ្រឿង, អត្តសញ្ញាណប័ណ្ណសញ្ជាតិថៃ ចំនួន០១សន្លឹក (Kaidtiphong Phakpha), កាតការងារចំនួន ០១សន្លឹក, នាឡិកាដៃលោហធាតុពណ៌ស ខ្សែពណ៌ខ្មៅ ចំនួន០១គ្រឿង, ខ្សែកអង្គាំបណ្តោងរូបព្រះ ចំនួន ០១ខ្សែ និងកាបូបស្ពាយពណ៌ខ្មៅចំនួន០១។
លោកបន្តថា ក្រោយឃាត់ខ្លួន និងសាកសួរ ជនសង្ស័យត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនជាបន្តបន្ទាប់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕