អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យ និងសួរសុខទុក្ខកងកម្លាំងចម្រុះតាមបន្ទាត់ព្រំដែន ទប់ស្កាត់ការចម្លងរីករាលដាលជម្ងឺកូវីដ-១៩

118

បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យមើលកងកម្លាំងចម្រុះ ដែលកំពុងឈរជើងប្រចាំការនៅតាមគោលដៅនានា នៃបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ក្នុងបេសកកម្ម ទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ពីក្រៅ ប្រទេស ជាពិសេសពីប្រទេសថៃ ដែលកំពុងផ្ទុះការចម្លងជម្ងឺកូវីដ-១៩ ក្នុងសហគមន៍ ។

ឯកឧត្តម អភិបាលខេត្ត គូសបញ្ជាក់ថា ការពង្រឹងសមត្ថកិច្ចតាមព្រំដែន គឺជាការអនុវត្តតាមការណែនាំ របស់រាជរដ្ឋាភិបាល ឱ្យបណ្តាខេត្តដែលមានព្រំដែន ជាប់នឹងប្រទេសជិតខាង ត្រូវមានការយកចិត្តទុកដាក់ឱ្យបានខ្ពស់ នូវការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ជាពិសេសព្រំដែនកម្ពុជា-ថៃ ដែលមានហានិភ័យខ្ពស់ ចំពោះពលករខ្មែរចំណាកស្រុក។

ឯកឧត្តម មានប្រសាសន៍ជំរុញដល់កម្លាំងចម្រុះ ទាំងអស់ និងមន្ត្រីប្រចាំការនៅតាមច្រកទ្វារតាមបន្ទាត់ព្រំដែន តាមគោលដៅ ទាំងអស់ ត្រូវធ្វើយ៉ាងណាខិតខំតាមដានរាល់សភាពការណ៍ នៃការឆ្លងដែនរបស់ពលករខ្មែរ និងត្រូវប្រចាំការ ២៤ម៉/២៤ម៉ តាមគោលដៅដែលខ្លួនទទួលខុសត្រូវ ក្រែងសមត្ថកិច្ចថៃ បញ្ជូនពលករខ្មែរត្រឡប់មកវិញ ហើយប្រសិនបើមានមែន ត្រូវសហការ ឲ្យបានល្អជាមួយមន្ត្រីសុខាភិបាល ត្រូវពិនិត្យសុខភាព និងធ្វើចត្តាឡីស័ក ១៤ថ្ងៃសិន ដើម្បីទប់ស្កាត់ការចម្លងរីករាលដាលជម្ងឺកូវីដ-១៩ នៅក្នុងសហគមន៍៕

ចំណែក