ប៉េអឹម បញ្ជូនជនជាតិថៃម្នាក់ ឆ្លងដែនជួញដូរគ្រឿងញៀន ជាងបីគីឡូក្រាម ទៅតុលាការ
បន្ទាយមានជ័យ ៖ លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ បានធ្វើប្រតិបត្តិការដឹកនាំកម្លាំងបង្រ្កាបករណីឆ្លងដែនខុសច្បាប់, ដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនលើជនជាតិថៃម្នាក់ នៅចំណុចរោងតាព្រហ្ម ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយបញ្ជូនមកអាវុធហត្ថខេត្តនិងបន្តនីតិវិធីទៅតុលាការកាលពីរសៀលថ្ងៃទី១៤មិថុនា២០២៤នេះ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ កាតានយូ ហាសាន់ ហៅបែង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិថៃ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ក្រុងថេប ប្រទេសថៃ។ ក្នុងប្រតិបត្តិការនោះកម្លាំងចាប់យកវត្ថុតាងរួមមាន៖ -គ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា (កេតាមីន) ចំនួន ០៣កញ្ចប់ធំ និង០២កូនថង់កិប ទម្ងន់ ៣១៥៦,៤០ក្រាម, ទូរស័ព្ទដៃចំនួន០២គ្រឿង (ម៉ាកIPhone 13Pro Max ពណ៌ផ្ទៃមេឃ, IPhone 7Plus ពណ៌ខ្មៅ), ប្រាក់ថៃចំនួន១០,០០០បាត (មួយម៉ឺនបាត), សៀវភៅលិខិតឆ្លងដែនចំនួន០១ក្បាល, អត្តសញ្ញាណប័ណ្ណសញ្ជាតិថៃចំនួន០១សន្លឹក, ប័ណ្ណបើកបរ (ថៃ) ចំនួន០១សន្លឹក។
ក្រោយឃាត់ខ្លួននិងសួរចម្លេីយ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចឆ្លងដែនខុសច្បាប់ ព្រមទាំងដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បញ្ជូនទៅសាលាដំបូងខេត្តហើយ ៕