លោកជំទាវ បាន ស្រីមុំ អញ្ជើញម្ចាស់ឡានតាក់សុី និង មេភូមិ ដើម្បីពន្យល់អំពីនិតិវិធីយន្តការច្បាប់ និង ផ្តល់ភាពកក់ក្តៅជឿជាក់លើសុខសុវត្ថិភាព

ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនកាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញដឹងនាំក្រុមការងារជួបជាមួយបងប្អូនប្រជាពលរដ្ឋម្ចាស់ឡានតាក់សុី និងមេភូមិ ដើម្បីពន្យល់អំពីនិតិវិធីយន្តការច្បាប់ និងផ្តល់ភាពកក់ក្តៅជឿជាក់ លើសុខសុវត្ថិភាព ជូនគាត់ក្រោមម្លប់សន្តិភាព ។

ការណ៍នេះធ្វើឡើង ក្រោយមានហេតុការប្រតាយប្រតបគ្នារវាងពលរដ្ឋអ្នករត់តាក់សុី និងមន្រ្តីកងរាជអាវុធហត្ថខេត្តប៉ៃលិនកាលពីយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

តាមការអះអាងរបស់ពលរដ្ឋ ជាអ្នករត់តាក់សុី គឺ កម្លាំងកងរាជអាវុធហត្ថ១ក្រុម ដឹកនាំដោយមេបញ្ជាការរង កងរាជអាវុធហត្ថខេត្តម្នាក់ ទើបតែងតាំងថ្មី បាននាំកូនចៅទៅមួយក្រុម មានគ្នាចំនួន៤នាក់ ស្លៀកពាក់ជា ឯកសណ្ឋាន សំរុកចូលទៅចាប់បុរសម្នាក់ទាំងយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅភូមិផ្សារព្រំ ឃុំ ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន តែត្រូវបងប្អូន ប្រជាពលរដ្ឋអ្នកជិតខាងឃើញ ក៏នាំគ្នាមកជួយប្រតាយប្រតប់ និងស្រែកឆោឡោធ្វើអោយក្រុមកងរាជអាវុធហត្ថនោះនាំគ្នាចូលឡានត្រលប់ទៅវិញ។

ពលរដ្ឋអះអាងទៀតថា រឿងហេតុកើតឡើងពីការនិយាយថ្លៃ ដឹកកង់និងកញ្ចក់មួយផ្ទាំង ដោយខាងរថយន្តតាក់សុីយកថ្លៃដឹក២០ដុល្លា ឯខាងអ្នកអោយដឹកអោយ១៥ដុល្លា ទើបកើតជារឿងតែម្តង។

បច្ចុប្ប្ន្នន្នករណីនេះ កំពុងត្រូវបានខាងអធិការកិច្ចរបស់អាវុធហត្ថ ចុះធ្វើអធិការកិច្ចអោយកាន់តែច្បាស់ ដើម្បីឈានទៅដល់ការអនុវត្តនីតិវិធី ៕

CATEGORIES
Share This