ក្រសួងកសិកម្ម៖ កម្ពុជាស្វាគមន៍អ្នកវិនិយោគផ្នែកកែច្នៃ វេចខ្ចប់ ដើម្បីពង្រីកការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ

ក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី Beverly Posma នាយិកាប្រតិបត្តិ នៃអង្គការ Grow Asia Partnership នៅរសៀលថ្ងៃទី១១ មិថុនា ឆ្នាំ២០២៤នេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ថា កម្ពុជាបើកទូលាយ និងស្វាគមន៍អ្នកវិនិយោគ មកវិនិយោគលើការកែច្នៃ វេចខ្ចប់ ដើម្បីពង្រីកការនាំចេញទៅកាន់ទីផ្សារអន្តរជាតិឲ្យច្រើនឡើងបន្ថែមទៀត។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ក្រសួងបាននិងកំពុងជំរុញគោលនយោបាយកសិកម្មឱ្យកាន់តែរីកចម្រើន ដើម្បីធានាសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន តាមរយៈការកាត់បន្ថយថ្លៃដើមផលិត ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ និងការពង្រឹងសហគមន៍កសិកម្មទំនើប ដែលជាដំណោះស្រាយមួយសម្រាប់ប្រជាកសិករដែលត្រូវការការគាំទ្រ ទាំងបញ្ហាបច្ចេកទេស ទុន ទីផ្សារ និងបញ្ហាប្រឈមផ្សេងៗឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

បើតាមឯកឧត្តមរដ្ឋមន្ត្រី កម្ពុជាកំពុងបន្តជំរុញការនាំចេញកសិផលសក្តានុពល ដូចជា ស្រូវ អង្ករ ស្វាយ ស្វាយចន្ទី និងម្រេច ជាដើម ទៅកាន់ទីផ្សារអន្តរជាតិដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់។

នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីភាពចាំបាច់នៃកម្ចីដែលមានអាត្រាការប្រាក់ទាប ដែលអាចជួយជំរុញផលិតកម្មកសិកម្មឱ្យប្រសើរឡើង តាមរយៈការវិនិយោគផ្ទះសំណាញ់ និងប្រព័ន្ធស្រោចស្រព ប្រកបដោយប្រសិទ្ធភាព និងផ្តល់ផលចំណេញ ដល់ប្រជាកសិករ៕

CATEGORIES
Share This