ធនាគារអភិវឌ្ឍន៍អាស៊ី គ្រោងផ្តល់ហិរញ្ញប្បទាន ១ ២៦៣ លានដុល្លារ ដើម្បីរុញល្បឿននៃការអភិវឌ្ឍឆ្នាំ២០៣០ និង ២០៥០
ធនាគារអភិវឌ្ឍន៍អាស៊ី ទើបអនុម័តនូវយុទ្ធសាស្រ្តភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា ២០២៤-២០២៨ ដោយក្នុងនោះ ADB គ្រោងផ្តល់ហិរញ្ញប្បទានផ្ទាល់ ក្នុងទំហំទឹកប្រាក់សរុបប្រមាណ ១ ២៦៣ លានដុល្លារអាមេរិក ដែលយុទ្ធសាស្រ្តនេះនឹងជួយជំរុញ ល្បឿននៃការអភិវឌ្ឍន៍ឆ្នាំ ២០៣០ និង ២០៥០។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុង ពិធីសម្ពោធស្ថានតំណាងថ្មី របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២៤ នេះថា ជុំវិញកិច្ចសហប្រតិ បត្តិការរវាងកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី បានចូលរួមចំណែកដល់ការអភិវឌ្ឍន៍នៅកម្ពុជាយ៉ាងច្រើន ជាក់ស្តែងគិតត្រឹមបំណាច់ ឆ្នាំ ២០២៣, ADB បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់កម្ពុជា សម្រាប់ហិរញ្ញប្បទានគម្រោងអភិវឌ្ឍន៍ចំនួនជាង ២០០ គម្រោង មានទឹកប្រាក់សរុបចំនួនប្រមាណ ៤,៨ ប៊ីលានដុល្លារអាមេរិក រួមមាន៖ ឥណទានសម្បទានចំនួន ៤,២ ប៊ីលានដុល្លារ អាមេរិក សម្រាប់ហិរញ្ញប្បទានគម្រោងចំនួន ១៣៧ ក្នុងនោះគម្រោងចំនួន ៨៨ ត្រូវបានបញ្ចប់ និងគម្រោងចំនួន ៤៩ កំពុងដំណើរ ការ។ ចំណែកហិរញ្ញប្បទានឥតសំណង ចំនួនប្រមាណ ៥៦៨ លានដុល្លារអាមេរិក គឺសម្រាប់ហិរញ្ញប្បទានគម្រោងចំនួន ៧០ ក្នុង នោះគម្រោងចំនួន ៤៤ បានបញ្ចប់ និងចំនួន ២៦ កំពុងដំណើរការ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បន្តថា ហិរញ្ញប្បទានសហប្រតិបត្តិការទាំងអស់នេះ គឺបានប្រើប្រាស់សម្រាប់ការវិនិយោគលើ វិស័យអាទិភាពមួយចំនួនដូចជា៖ វិស័យកសិកម្ម និងធនធានធម្មជាតិ, វិស័យផ្គត់ផ្គង់ទឹកស្អាត និងហេដ្ឋរចនាសម្ព័ន្ធទីក្រុង, វិស័យ គមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាន, វិស័យឧស្សាហកម្ម និងពាណិជ្ជកម្ម, វិស័យហិរញ្ញវត្ថុ, វិស័យគ្រប់គ្រងសាធារណៈ, វិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីរៈ, វិស័យសុខាភិបាល និងវិស័យថាមពលជាដើម។
បន្ថែមពីការចូលរួមលើវិស័យអាទិភាពខាងលើ, តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ADB ក៏បានរួមចំណែកឆ្លើយតបយ៉ាងឆាប់រហ័ស ចំពោះគ្រោះមហន្តរាយ និងបញ្ហាប្រឈមនានា ដែលកើតឡើងនៅកម្ពុជាដូចជា៖ ការឆ្លើយតបយ៉ាងរហ័សនូវបញ្ហាគ្រោះទឹកជំនាន់ធ្ងន់ធ្ងរនៅកម្ពុជា ក្នុងឆ្នាំ ២០០០ និងឆ្នាំ ២០១១ តាមរយៈការផ្តល់នូវហិរញ្ញប្បួទាន សហប្រតិបត្តិការសរុបចំនួន ១១៥ លានដុល្លារអាមេរិក សម្រាប់ការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលបានខូចខាត។ ការគាំទ្រ កម្ពុជាក្នុងការទប់ទល់ នៃការកើនឡើងនៃតម្លៃស្បៀង និងបញ្ហាអតិផរណា តាមរយៈផ្តល់សហប្រតិបត្តិការសរុបចំនួន ៣៥ លាន ដុល្លារអាមេរិក។ ការគាំទ្រកម្ពុជាក្នុងការឆ្លើយតបយ៉ាងឆាប់ និងទាន់ពេល ទៅនិងវិបត្តិនៃជំងឺកូវីដ-១៩ តាមរយៈការផ្តល់ហិរញ្ញប្ប ទានសរុប ចំនួន ២៥០ លានដុល្លារអាមេរិក ក្រោមក្របខណ្ឌកម្មវិធី ADB ដើម្បីជួយពង្រឹងប្រព័ន្ធសុខាភិបាល និងប្រព័ន្ធការពារ សង្គម ជាពិសេសសម្រាប់គ្រួសារក្រីក្រ និងជនងាយរងគ្រោះ ព្រមទាំងបានផ្តល់នូវហិរញ្ញប្បទានសម្បទានចំនួន ៩៥ លានដុល្លារ អាមេរិក ដើម្បីគាំទ្រដល់យុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ។ ជុំវិញការអភិវឌ្ឍន៍នៅកម្ពុជា នាថ្មីៗនេះ ADB ទើបបាន អនុម័តនូវយុទ្ធសាស្រ្តភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា ២០២៤-២០២៨ ដោយក្នុងនោះ ADB គ្រោងផ្តល់ហិរញ្ញប្បទានផ្ទាល់ ក្នុងទំហំទឹកប្រាក់សរុបប្រមាណ ១ ២៦៣ លានដុល្លារអាមេរិក ដែលយុទ្ធសាស្រ្តនេះនឹងជួយជំរុញល្បឿននៃការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចកម្ពុជា ឆ្ពោះទៅសម្រេចបាននូវបង្គោលចរឆ្នាំ ២០៣០ ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និង ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់៕