មេដឹកនាំ G7 យល់ព្រមឱ្យកម្ចី ៥០ ពាន់លានដុល្លារដល់អ៊ុយក្រែន ពីទ្រព្យបង្កករុស្ស៊ី

ការិយាល័យប្រធានាធិបតីបារាំង បាននិយាយកាលពីថ្ងៃពុធ (១២ មិថុនា) ថា មេដឹកនាំក្រុមទាំងប្រាំពីរ (G7) បានយល់ព្រមផ្តល់ឱ្យអ៊ុយក្រែន នូវទឹកប្រាក់ចំនួន ៥០ ពាន់លានដុល្លារអាមេរិក តាមរយៈការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបង្កកនៅចុងឆ្នាំ២០២៤ នេះ។

មន្ត្រីនៅការិយាល័យប្រធានាធិបតីម្នាក់បាននិយាយនៅមុនកិច្ចប្រជុំកំពូល G7 នៅអ៊ីតាលី នៅថ្ងៃព្រហស្បតិ៍ (១៣ មិថុនា) នេះដែលនឹងផ្តោតលើការគាំទ្រការប្រយុទ្ធប្រឆាំងនឹងសង្រ្គាមរុស្ស៊ីលើអ៊ុយក្រែនថា ៖ «យើងមានកិច្ចព្រមព្រៀងមួយរួចហើយទៅលើកញ្ចប់ថវិកានោះ» ។

មេដឹកនាំ G7 មានគោលបំណងយល់ព្រមលើកិច្ចព្រមព្រៀងក្នុងការប្រើប្រាស់ប្រាក់ចំណេញនៃការប្រាក់ពីទ្រព្យសកម្មរបស់ធនាគារកណ្តាលរុស្ស៊ី ដែលជាប់គាំងចំនួន ៣០០ ពាន់លានអឺរ៉ូ (៣២៥ ពាន់លានដុល្លារ) ដើម្បីជួយដល់ទីក្រុងគីវ ដោយប្រើប្រាស់ប្រាក់ចំណេញនោះជាទ្រព្យបញ្ចាំសម្រាប់ប្រាក់កម្ចីរហូតដល់ ៥០ ពាន់លានដុល្លារ។

មន្ត្រីបារាំងដដែលនោះបាននិយាយថា «ដើមឡើយនេះគឺជាគំនិតផ្តួចផ្តើមរបស់អាមេរិក» ដោយបន្ថែមថា បើតាមទ្រឹស្តី ប្រាក់កម្ចីដល់អ៊ុយក្រែននោះនឹងត្រូវបានសងវិញជាមួយនឹង «ប្រាក់ចំណូលពីទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី»។

ប្រភពដដែលបានបន្ថែមថា «ប៉ុន្តែប្រសិនបើក្នុងហេតុផលមួយចំនួនដែលថាបើទ្រព្យសម្បត្តិរបស់រុស្ស៊ី ឈប់ត្រូវបានបង្កក ឬប្រាក់ចំណូលពីទ្រព្យសម្បត្តិរុស្ស៊ីមិនគ្រប់គ្រាន់សម្រាប់ផ្តល់ហិរញ្ញប្បទានដល់ប្រាក់កម្ចីនោះទេ យើងនឹងត្រូវពិចារណាពីមធ្យោបាយចែករំលែកបន្ទុកបំណុល»៕

CATEGORIES
Share This