ក្រសួងពាណិជ្ជកម្មចិន ជំរុញឲ្យសហភាពអឺរ៉ុប កែតម្រូវកំហុសឆ្គងរបស់ខ្លួន ជុំវិញពន្ធ EV លើការនាំចូលរថយន្តអគ្គិសនីប្រើអាគុយ
ក្រសួងពាណិជ្ជកម្មចិន កាលពីថ្ងៃពុធ (ទី១២ ខែមិថុនា) បានជំរុញឲ្យសហភាពអឺរ៉ុប (EU) កែតម្រូវជាបន្ទាន់នូវការអនុវត្តខុសរបស់ខ្លួន ហើយដោះស្រាយជម្លោះសេដ្ឋកិច្ច និងពាណិជ្ជកម្មឲ្យបានត្រឹមត្រូវ តាមរយៈការសន្ទនា និងការពិគ្រោះយោបល់ ដោយបន្ថែមថា ប្រទេសចិនបានប្តេជ្ញាចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសចិន។
ការលើកឡើងបែបនេះរបស់ក្រសួង បានកើតមានឡើងបន្ទាប់ពីគណៈកម្មការអឺរ៉ុប (EC) បានប្រកាសថា ខ្លួននឹងដាក់ពន្ធបណ្តោះអាសន្នលើការនាំចូលរថយន្តអគ្គិសនីប្រើអាគុយ (BEV) របស់ចិន រហូតដល់ ៣៨,១ភាគរយ។ EC ដែលគ្រប់គ្រងគោលនយោបាយពាណិជ្ជកម្មរបស់ EU បាននិយាយថា ពន្ធគយដែលទំនងជាកើតឡើងនៅខែកក្កដា នឹងដាក់ ១៧,៤ភាគរយ ចំពោះក្រុមហ៊ុន BYD ២០ភាគរយ ចំពោះក្រុមហ៊ុន Geely និង ៣៨,១ភាគរយ ចំពោះក្រុមហ៊ុន SAIC។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាការ កាលពីថ្ងៃពុធ។
សេចក្ដីប្រកាសនោះ បានឲ្យដឹងថា ក្រុមហ៊ុនរថយន្ត BEV ផ្សេងទៀត ដែលសហការជាមួយនឹងការស៊ើបអង្កេត នឹងប្រឈមជាមួយពន្ធ ២១ភាគរយ ហើយក្រុមហ៊ុន មិនសហការ ត្រូវប្រឈមជាមួយពន្ធ ៣៨,១ភាគរយ។
ជាការឆ្លើយតប ក្រសួងពាណិជ្ជកម្មចិនបាននិយាយថា ភាគីអឺរ៉ុប ធ្វើមិនដឹងមិនឮចំពោះការពិត និងច្បាប់របស់ WTO (អង្គការពាណិជ្ជកម្មពិភពលោក) មិនអើពើនឹងការជំទាស់យ៉ាងដាច់អហង្ការម្តងហើយម្តងទៀតរបស់ចិន ព្រមទាំងមិនយកចិត្តទុកដាក់ ចំពោះការអំពាវនាវ និងការខកចិត្តរបស់រដ្ឋាភិបាល និងឧស្សាហកម្មនៃប្រទេសសមាជិក EU ជាច្រើន ដែលជាបញ្ហាគួរឲ្យព្រួយបារម្ភ និងការមិនពេញចិត្តយ៉ាងខ្លាំងក្លា សម្រាប់ភាគីចិន។
ក្រសួងពាណិជ្ជកម្មបានប្រាប់ថា វិស័យឧស្សាហកម្មចិន មានការខកចិត្តយ៉ាងខ្លាំង និងប្រឆាំងដាច់ខាត ចំពោះវិធានការនេះ៕