ប្រទេសប្រហែល ៩០ នឹងចូលរួមកិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែន នៅស្វីសតែរុស្ស៊ីគ្មានវត្តមានទេ
ប្រធានាធិបតីប្រទេសស្វីស កាលពីថ្ងៃចន្ទ (ទី១០ ខែមិថុនា) បាននិយាយថា ប្រទេស និងស្ថាប័នជិត ៩០ ដែលពាក់កណ្តាលមកពីទ្វីបអឺរ៉ុប បានបញ្ជាក់ពីការចូលរួមក្នុងកិច្ចប្រជុំកំពូល ស្ដីពីសន្តិភាពអ៊ុយក្រែនដែលរៀបចំដោយប្រទេសស្វីស នៅចុងសប្តាហ៍នេះ។ តែរុស្ស៊ីនឹងមិនមានវត្តមាននោះទេ។
គួរបញ្ជាក់ថា ទីក្រុងមូស្គូមិនទទួលបានការអញ្ជើញនោះទេ ប៉ុន្តែប្រទេសនេះបាននិយាយថា ខ្លួននឹងមិនចូលរួមនោះទេ ទោះក្នុងករណីណាក៏ដោយ ខណៈដែលសន្និសីទនេះ គឺផ្អែកលើសំណើសន្តិភាពរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ដែលសំណើនោះត្រូវបានរុស្ស៊ីបដិសេធ។
នៅឯរដ្ឋធានី Bern របស់ប្រទេសស្វីស លោកស្រីប្រធានាធិបតី Viola Amherd បានប្រាប់អ្នកសារព័ត៌មាន ថា កិច្ចប្រជុំកំពូល នាថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចុងសប្ដាហ៍នេះ នឹងមានបំណងកំណត់ផ្លូវឆ្ពោះទៅរកសន្តិភាពដែលអាចកើតមាន ពោលគឺក្នុងរយៈពេលជិត ២៨ខែ បន្ទាប់ពីកងកម្លាំងរុស្ស៊ីបានលុកលុយអ៊ុយក្រែន ហើយសង្រ្គាមកំពុងបន្តមាន។
លោកស្រី Amherd បាននិយាយថា៖ «នេះមិនមែនជាការឃោសនានោះទេ។ នេះគឺអំពីមូលដ្ឋាននៃជំនួយមនុស្សធម៌ដែលផ្តល់ដោយប្រទេសស្វីស ដោយផ្អែកលើការជំរុញឲ្យមានសន្តិភាព (និង) ដើម្បីផ្តល់វេទិកាមួយ ដែលផ្តួចផ្តើមឲ្យមានការសន្ទនា»។ លោកស្រីប្រធានាធិបតីស្វីសបានបន្ថែមថា អ្នកចូលរួមភាគច្រើននឹងជាមេដឹកនាំប្រទេសធំៗ ដែលមានប្រហែលពាក់កណ្តាលតំណាងឲ្យនៅកម្រិតប្រមុខរដ្ឋ ឬរដ្ឋាភិបាល ហើយ «មួយចំនួនតូច» មកពីអង្គការនានា ដូចជាអង្គការសហប្រជាជាតិ។
សូមបញ្ជាក់ថា មានការផ្ញើការអញ្ជើញប្រហែល ១៦០ ហើយលោកស្រី Amherd បាននិយាយថា នេះមិនមែនជា «ការខកចិត្ត» សម្រាប់រដ្ឋាភិបាលស្វីសទេ ដែលរហូតមកដល់ពេលនេះ ប្រទេស និងស្ថាប័នមិនដល់ ១០០ នោះឡើយ បានប្រកាសពីការចូលរួមនៅក្នុងដំណាក់កាលដំបូងនៃដំណើរការសន្តិភាពនេះ។
យោងតាមអាជ្ញាធរស្វីស បានឲ្យដឹងថា ប្រទេសប្រេស៊ីល និងចិន បានប្រាប់ថា ពួកគេនឹងមិនចូលរួមនោះទេ លុះត្រាណាតែភាគីទាំង២ ក្នុងនោះរួមមានទាំងរុស្ស៊ីផងដែរ មានវត្តមាននៅក្នុងកិច្ចពិភាក្សានេះ។ ទីក្រុងប៉េកាំង គឺជាអ្នកគាំទ្រដ៏ធំបំផុតមួយរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម ហើយបាននិយាយថា លក្ខណខណ្ឌ សម្រាប់ការចូលរួមរបស់ខ្លួន នឹង «ពិបាកបំពេញតាម»៕