ខ្មាន់កាំភ្លើងវាយឆ្មក់លើភូមិភាគពាយព្យនៅប្រទេសនីហ៊្សេរីយ៉ា បណ្ដាលឱ្យមនុស្ស៥០នាក់ស្លាប់
អ្នកស្រុកបាននិយាយកាលពីថ្ងៃចន្ទ (១០ មិថុនា) ថា យ៉ាងហោចណាស់មនុស្ស ៥០ នាក់ត្រូវបានសម្លាប់ និងមនុស្សក្នុងចំនួនមិនជាក់លាក់ត្រូវបានចាប់ជំរិត រួមទាំងស្ត្រី និងកុមារ នៅពេលដែលខ្មាន់កាំភ្លើងបានវាយប្រហារភូមិ យ៉ាហ្កូជេ (Yargoje) នៅភាគពាយព្យនៃប្រទេសនីហ៊្សេរីយ៉ា កាលពីចុងសប្តាហ៍។
មួយឆ្នាំបន្ទាប់ពីលោកប្រធានាធិបតី បូឡា ទីនូប៊ូ (Bola Tinubu) ឡើងកាន់អំណាចដោយសន្យាថានឹងបញ្ចប់អសន្តិសុខដែលរីករាលដាល ការវាយប្រហារនៅភាគពាយព្យដោយក្រុមប្រដាប់អាវុធ ដែលជារឿយៗហៅថាជាក្រុមចោរ បានក្លាយជាហេតុការណ៍ញឹកញាប់ជាទម្លាប់ ដោយអាជ្ញាធរហាក់ដូចជាគ្មានអំណាចក្នុងការបញ្ឈប់ពួកគេ។
យោងតាមអ្នកស្រុកម្នាក់បាននិយាយថា ខ្មាន់កាំភ្លើងរាប់សិបនាក់ ដែលជិះម៉ូតូបានសម្រុកចូលភូមិ យ៉ាហ្កូជេ ក្នុងតំបន់រដ្ឋាភិបាល ខាន់ការ៉ា (Kankara) នៃរដ្ឋ ខាត់ស៊ីណា (Katsina) កាលពីល្ងាចថ្ងៃអាទិត្យ។ អ្នកស្រុកផ្សេងទៀតបាននិយាយថា ពួកគេបានគេចផុតពីការវាយប្រហារនោះ ដែលបានបន្តរហូតដល់ព្រឹកព្រលឹមថ្ងៃចន្ទ។
ការវាយប្រហារនៅតំបន់ជនបទ និងការចាប់ជំរិតទារប្រាក់លោះកើតមានញឹកញាប់នៅភាគខាងជើងប្រទេសនីហ៊្សេរីយ៉ា ដែលជាតំបន់រងទុក្ខវេទនាដោយការបះបោរអ៊ីស្លាមនិយមរយៈពេល ១៥ ឆ្នាំនៅភាគឦសាន និងការប៉ះទង្គិចគ្នាញឹកញាប់រវាងកសិករ និងអ្នកចិញ្ចឹមសត្វ៕