អ្នកទោសស្រី របស់ប្រទេសរុស្ស៊ី ត្រូវបានដោះលេងឱ្យចូលរួមបម្រើទ័ពក្នុងសង្គ្រាមនៅអ៊ុយក្រែន
ប្រទេសរុស្ស៊ី បានដោះលែងស្ត្រីមួយក្រុមចេញពីពន្ធនាគារកាលពីចុងខែឧសភា ដើម្បីចូលរួមក្នុងការប្រយុទ្ធក្នុងប្រទេសអ៊ុយក្រែន នេះបើយោងតាមអតីតអ្នកទោសពីរនាក់ដែលរក្សាទំនាក់ទំនងជាមួយអ្នកដែលនៅទីនោះ ដោយនេះអាចបង្ហាញពីដំណាក់កាលថ្មីក្នុងការប្រើប្រាស់អ្នកទោសរបស់វិមានក្រឹមឡាំង ក្នុងកិច្ចប្រឹងប្រែងសង្គ្រាមរបស់ខ្លួន។
អតីតអ្នកទោសដែលសុំមិនបញ្ចេញឈ្មោះទាំងនោះបាននិយាយថា អង្គភាពជ្រើសរើសយោធាបានប្រមូលយកស្ត្រីជាច្រើនពីពន្ធនាគារនៅខាងក្រៅទីក្រុង សេន ភីធើស៍ប៊ឺក (St Petersburg)។ គេមិនច្បាស់ទេថាតើការដោះលែងអ្នកទោសទាំងនោះតំណាងឱ្យការដាក់អ្នកទោសដាច់ដោយឡែក កម្មវិធីសាកល្បង ឬក៏ការចាប់ផ្តើមនៃរលកដ៏ធំនៃការជ្រើសរើសអ្នកទោសស្ត្រីឱ្យចូលបម្រើទាហាន។
ស្ត្រីប្រហែល ៣០.០០០ នាក់បានកំពុងជាប់ពន្ធនាគារនៅក្នុងប្រទេសរុស្ស៊ី នៅពេលចាប់ផ្តើមការវាយលុកទ្រង់ទរាយធំលើអ៊ុយក្រែន។ អង្គភាពជ្រើសរើសយោធាបានចាប់ផ្តើមពិនិត្យពន្ធនាគារសម្រាប់ស្ត្រី នៅទូទាំងផ្នែកអឺរ៉ុបនៃប្រទេសរុស្ស៊ី ក្នុងរដូវស្លឹកឈើជ្រុះកាលពីឆ្នាំ២០២៣ ច្រើនជាងមួយឆ្នាំបន្ទាប់ពីកងកម្លាំងរបស់ប្រទេសនេះបានចាប់ផ្តើមផ្តល់ការលើកលែងទោសដល់បុរសដែលត្រូវបានកាត់ទោស និងប្រាក់ខែជាថ្នូរនឹងការបម្រើក្នុងសមរភូមិប្រយុទ្ធ។
បុរសរុស្ស៊ីរាប់ម៉ឺននាក់ដែលជាប់ពន្ធនាគារ បានទទួលយកការអំពាវនាវរបស់យោធា ដោយបំពេញបន្ថែមកម្លាំងទ័ពរបស់ប្រទេសនៅគ្រាដ៏សំខាន់នៅក្នុងសង្គ្រាម និងជួយឱ្យប្រទេសនេះមានប្រៀបខាងយោធាឡើងវិញលើអ៊ុយក្រែន៕