ប្រកាសចូលកាន់មុខតំណែង ក្រុមប្រឹក្សាស្រុកមង្គលបូរី ២១រូប ក្នុងអាណត្តិទី៤នេះ
បន្ទាយមានជ័យ ៖ ប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុកមង្គលបូរី សរុប២១រូប ត្រូវបានប្រកាសចូលកាន់មុខតំណែង នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ។
បន្ទាប់ពីទទួលបានមុខតំណែងជាប្រធានក្រុមប្រឹក្សាស្រុកមង្គលបូរី លោក កែវ តុម បានធ្វើការប្តេជ្ញាចិត្ត ពង្រឹងនូវស្មារតីសាមគ្គីភាពឯកភាពផ្ទៃក្នុង និងប្ដេជ្ញាគោរពនិងអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីកំណើនការងារសមធម៌និងប្រសិទ្ធភាព និងចិរភាពកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលសម្រាប់នីតិកាលទីប្រាំពីរ នៃរដ្ឋសភាក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយ ដែលបានកំណត់យកអាទិភាពគន្លឹះចំនួនប្រាំគឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ។ ព្រមជាមួយគ្នានេះ ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ គឺ ផ្ដោតលើការពង្រឹងអភិបាល និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឲ្យក្លាយទៅជារដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់ខ្លាំងវៃឆ្លាត និងស័ក្ដិសមដើម្បីធានានិរន្តរភាពតួនាទីដំណើរការរដ្ឋបាលសាធារណៈដោយតម្កល់នូវផលប្រយោជន៍ប្រជាជនជាធំ ព្រមជាមួយនឹងការកសាង និងការពង្រឹងនីតិរដ្ឋសំដៅដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រកប ដោយបរិយាប័ន្ននិងចីរភាព។
ឯកឧត្ដមបានបន្តថា ទោះបីជាក្រុមប្រឹក្សា មិនមានតួនាទី និងការទទួលខុសត្រូវផ្ទាល់លើ ការដឹកនាំគ្រប់គ្រងចាត់ចែងការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនក៏ដោយ ក៏ក្រុមប្រឹក្សាមានភារៈកិច្ច តាមដានត្រួតពិនិត្យការអនុវត្តនូវសកម្មភាពរបស់រដ្ឋបាលស្រុករបស់ខ្លួន ដើម្បីជំរុញក្នុងការធានាឲ្យមានសន្តិសុខស្ថិរភាព និងសណ្ដាប់ធ្នាប់ល្អ ៕