អបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១មិថុនា “វិនិយោគលើកុមារថ្ងៃនេះ សំដៅបង្កើនមូលធនមនុស្ស ក្នុងយុគសម័យបរិវត្តឌីជីថល”
បន្ទាយមានជ័យ ៖ កុមារមានសិទ្ធិយ៉ាង គឺសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលការការពារ សិទ្ធិក្នុងការអភិវឌ្ឍន៍ និងសិទ្ធិក្នុងការចូលរួម អង្គការ អេដ អេ អាស្យុង(AEA) រួមជាមួយអង្គការដៃគូ បានរៀបចំពិធីអបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១មិថុនា” វិនិយោគលើកុមារថ្ងៃនេះ សំដៅបង្កើនមូលធនមនុស្ស ក្នុងយុគសម័យបរិវត្តឌីជីថល “ក្រោមវត្តមានលោកស្រី វ៉ាន សុីញ៉ា អភិបាលរងស្រុកមង្គលបូរី លោកស្រី ដុក បូរិន តំណាងមន្ទីរអប់រំយុវជននិងកីឡា លោក មាន ឬទ្ធី តំណាងប្រធានការិយាល័យវិទ្យាល័យអប់រំស្រុកមង្គលបូរី លោក យិន សៀងសូមេធ ប្រធានអង្គការ អេដ អេ អាស្យុង(AEA) ដោយមានការចូលរួមពីលោក លោកស្រី មេឃុំទាំង៥ មានឃុំរហាត់ទឹក ឃុំបន្ទាយនាង ឃុំសំបួរ ឃុំគយម៉ែង និងឃុំគោកបល្ល័ង្គ ក្នុងស្រុកមង្គលបូរី សិស្សានុសិស្សអាណាព្យាបាលចូលរួមជាច្រើនកុះករ នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ធ្វើនៅបរិវេណសាលាឃុំបន្ទាយនាង។
លោក យិន សៀងសូមេធ ប្រធានអង្គការអង្គការ អេដ អេ អាស្យុង(AEA) បានមានមតិលើកឡើងថា អង្គការ អេដ អេ អាស្យុង(AEA) រួមនិងដៃគូ បានផ្ដល់កិច្ចអន្តរគមន៍ជាច្រើន ដើម្បីផ្ដល់ឱកាសឲ្យកុមារជួបការលំបាកទៅក្រៅសាលាបានចូលរៀន និងទទួលបានការសិក្សាកាន់តែល្អប្រសើរតាមរយៈគៀរគរការចូលរួមពីរនាក់ពាក់ព័ន្ធ ក៏ដូចជាក្នុងការកំណត់អត្តសញ្ញាណកុមារជួបការលំបាកនៅតាមភូមិ និងនៅក្នុងសាលារៀន ដើម្បីផ្ដល់នូវសម្ភារៈសិក្សាសមស្រប ដែលអាចជួយសម្រួលដល់ការសិក្សារបស់ពួកគាត់។
លោក បានបញ្ជាក់ថា អង្គការ អេដ អេ អាស្យុង(AEA) បានរួមចំណែកជាមួយរាជរដ្ឋាភិបាល, ក្រសួងអប់រំយុវជន និងកីឡា និងស្ថាប័នពាក់ព័ន្ធ ដើម្បីផ្ដល់កិច្ចអន្តរាគមន៍នានា ដែលបានផ្ដល់ឱកាសឲ្យកុមារងាយរងគ្រោះ នៅក្រៅសាលាទទួលបានឱកាសសិក្សារៀនសូត្រ ។ តួយ៉ាងក្នុងឆ្នាំសិក្សាកន្លងមកនេះ ដែលជួបការលំបាកនៅក្រៅសាលាប្រមាណ ៣៨០០០នាក់ ទទួលបានការឧបត្ថម្ភជាអាហារូបករណ៍ ជាសម្ភារៈសិក្សានៅក្នុងនោះសិស្សប្រមាណ ៣០០នាក់ ស្ថិតនៅខេត្តបាត់ដំបង ដែលជ្រើសចេញពីសាលាគោលដៅចំនួន៣៧ និងអនុវិទ្យាល័យចំនួន៤ ។ ជាពិសេសសម្រាប់កម្មវិធីខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១មិថុនានេះ អង្គការ អេដ អេ អាស្យុង(AEA) បានចាប់ផ្ដើមដំណើរការបានចំនួន៣ខេត្ត ក្នុងនោះរួមមានខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងបន្តឆ្ពោះទៅខេត្តសៀមរាប។
មានមតិសំណេះសំណាលនៃឱកាសនោះលោកស្រី វ៉ាន សុីញ៉ា អភិបាលរងស្រុកមង្គលបូរី បានមានមតិលើកឡើងថា ការប្រារព្ធទិវានេះ មានគោលបំណងក្រើនរំលឹកនិងជំរុញដល់អ្នកពាក់ព័ន្ធទាំងអស់។ អំពីសារៈសំខាន់។ ក្នុងការធានាថាកុមារគ្រប់រូបមានឱកាសក្នុងការរីកលូតលាស់ការទទួលបានការសិក្សារៀនសូត្រ និងមានការអភិវឌ្ឍន៍នៅក្នុងបរិយាកាសប្រកបដោយសុខសុវត្ថិភាព និងការថែទាំគាំពារ ជាពិសេសក្នុងការគាំទ្រដល់កុមារគ្រប់រូបឲ្យទទួលបានសិទ្ធិពេញលេញក្នុងការអភិវឌ្ឍន៍ដើម្បីក្លាយជាមូលធនមនុស្សក្នុងយុគសម័យបរិវត្តកម្មឌីជីថល។
លោកស្រី អភិបាលរងស្រុកមង្គលបូរី បានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ការប្រារព្ធទិវាអន្តរជាតិនេះ ឡើងដើម្បីលើកកម្ពស់ និងជំរុញការយកចិត្តទុកដាក់ចំពោះសុខុមារភាពការអភិវឌ្ឍន៍កុមារ ការពារពីបញ្ហាប្រឈម និងការរំលោភបំពានគ្រប់រូបភាព ជាពិសេសដើម្បីរំលឹកនូវមហាវិនាស ដ៏ធ្ងន់ធ្ងរ ដែលបង្កឡើងដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលក្នុងនោះកុមារត្រូវបានបំបិទសិទ្ធិសេរីភាពទាំងស្រុង។
ជាចុងបញ្ចប់នៃកម្មវិធីនោះគណៈអធិបតី និងក្រុមការងារ ក៏បានរៀបចំកម្រង់សំណួរដើម្បីឲ្យសិស្សានុសិស្សឡើងឆ្លើយសំណួរ ដើម្បីទទួលបានរង្វាន់ទុកជាអនុស្សាវរីយ៍ និងសម្ដែងរឿងខ្លីអប់រំផងដែរ៕