ក្រុមក្មេងទំនើងតែងធ្វើសកម្មភាពកាប់បំផ្លាញម៉ូតូ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានចំនួន០៧នាក់
ខេត្តបាត់ដំបង៖ ក្មេងទំនើងមួយក្រុមមានគ្នាប្រហែល ១១នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានជាបន្តបន្ទាប់ចំនួន០៧នាក់ ក្រោយពួកគេធ្វើសកម្មភាពដោយប្រើកាំបិតកាប់បំផ្លាញម៉ូតូរបស់ជនរងគ្រោះនៅចំណុចក្រុមទី១៣ ភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ខណៈពេលដែលជនរងគ្រោះជិះម៉ូតូមកហូបមីនៅផ្ទះមិត្តភក្តិ ហើយទុកម៉ូតូនៅមុខផ្ទះ។
លោកវរសេនីយ៍ទោ ហៀង ប៊ុនថាអធិការរងផ្នែកព្រហ្មទណ្ឌបានអោយដឹងនៅល្ងាចថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤នេះថា ក្រោយពីកើតហេតុ កម្លាំងជំនាញសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងនិងកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការស្រាវជ្រាវស៊ើបអង្កេតរហូតឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ចំនួន០៧នាក់។
ជនសង្ស័យត្រូវបានឃាត់ខ្លួន /ទី១ឈ្មោះ សុខ សីហា ភេទប្រុស អាយុ១៨ឆ្នាំ(អ្នកបើកម៉ូតូ) /ទី២.ឈ្មោះ យួម ស៊ីនីត ភេទប្រុស អាយុ១៧ឆ្នាំ(អ្នកបើកម៉ូតូ) /ទី៣.ឈ្មោះ ណាង រ៉ាវុត ភេទប្រុសអាយុ១៧ឆ្នាំ (អ្នកបើកម៉ូតូ) /ទី៤.ឈ្មោះ ផាន់ ដារា៉ ភេទប្រុស អាយុ១៧ឆ្នាំ (អ្នករួមដំណើរ) /ទី៥.ឈ្មោះ ឆេង ចាន់រ័ត្ន ភេទប្រុស អាយុ១៥ឆ្នាំ (អ្នកជិះម៉ូតូមើលភូមិសាស្រ្ត) /ទី៦-ឈ្មោៈណុល បញ្ញាភេទប្រុស អាយុ១៨ឆ្នាំ /ទី៧-ឈ្មោះលៀម ពិសី ភេទប្រុស អាយុ១៦ឆ្នាំ ។
ប្រភពខាងលើបានបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោៈអាសន្ននៅក្នុងអធិការដ្ឋាននគរបាលស្រុកថ្មគោលដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធីតាមបទបញ្ជារបស់ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការសាលាដំបូងខេត្តបាត់ដំបង។