មន្ត្រីអាវុធហត្ថខេត្តព្រះវិហារ ៧២នាក់ ត្រូវបានប្រកាសមុខតំណែង និងតំលើងឋានន្តរសក្តិ

ព្រះវិហារ ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ បានធ្វើពិធីប្រកាសតំលើងមុខតំណែង និងបំពាក់ឋានន្តរសក្តិជូនដល់យោធិន នៃកងរាជអាវុធហត្ថខេត្ត ចំនួន៧២រូប ក្រោមអធិបតី្តភាពលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ។

ក្នុងពិធីនេះ លោកឧត្តមសេនីយ៏ត្រី កង សៅគុណ បានសម្តែងនូវមនោសញ្ចេតនាសោមនស្សរីករាយ ជាមួយយោធិន នៃកងរាជអាវុធហត្ថថិតក្រោមឱវាទរបស់លោកទាំងអស់ ដែលថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាល ក៏ដូចថ្នាក់ដឹកនាំក្រសួងការពារជាតិ ផ្តល់ការទុកចិត្តតំលើងមុខតំណែង និងបំពាក់ឋានន្តរសក្តិក្នុងឪកាសនេះ ។ ដែលនេះជាសក្ខីភាពដ៏ឧង្តុឧត្តម ដែលថ្នាក់ដឹកនាំរាជរដ្ឋាភិបាលរបស់យើង តែងគិតនិងឆ្លើយតបនូវគុណបំណាច់ដ៏ធំធេង ដែលយោធិនរបស់យើង ខិតខំបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋកន្លងមក។

ជាមួយគ្នានោះ លោកមេបញ្ជាការក៏បានផ្តាំផ្ញើរ និងស្នើសុំដល់មន្ត្រីកងរាជអាវុធហត្ថទាំងអស់ ដែលត្រូវបានតំលើងមុខតំណែង ក៏ដូចជាបំពាក់ឋានន្តរសក្តិ ក្នុងពេលនេះ មិនត្រូវយកមុខតំណែង ឬឋានន្តរសក្តិនេះ ទៅប្រព្រឹត្តអំពើអ្វីមួយ ដែលប្រាស់ចាក់ពីតួរនាទី ភារកិច្ចរបស់ខ្លួនឡើយ គឺត្រូវយកមុខតំណែងដែលយើងទទួលបានពេលនេះ បន្តខិតខំប្រឹងប្រែងចូលរួមរក្សាសណ្តាប់ធ្នាប់ ចូលរួមទប់ស្កាត់នូវរាល់បទល្មើសផ្សេងៗគោរពវិន័យឲ្យបានមុឺងម៉ាត់ ស្រាវជ្រាវក្រុមជនទាំងឡាយណា ដែលបង្កអសន្តិសុខដល់សង្គមជាតិ មានចេតនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីឆន្ទះរបស់រាស្ត្រ។

បន្ថែមពីនោះលោកមេបញ្ជាការថា ជាកាពិតណាស់កម្លាំងយោធិននៃកងរាជអាវុធហត្ថរបស់យើង គឺ ដើរតួរយ៉ាងសំខាន់ ជាសរសេរគ្រឹះដ៏រឹងមាំ ជាកម្លាំងចលករដ៏រស់រវើក ជាមួយរាជរដ្ឋាភិបាល ហើយកិច្ចការស្នូលដែលមន្ត្រីអាវុធហត្ថយើងធ្វើទទួលបានជោគជ័យ កន្លងមកលោកមេបញ្ជាការថា គឺ ត្រូវបន្តអនុវត្តធ្វើបន្តទៀត៕

សូមបញ្ជាក់ផងដែរថា យោធិននៃកងរាជអាវុធហត្ថចំណុះឲ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ ដែលត្រូវបានប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិនាខណៈនេះ មានចំនួនសរុប៧២រូប ក្នុងនោះយោធិនដែលត្រូវតំឡើងងឋានន្តរសក្តិ មានចំនួន៤រូប និងយោធិន ដែលទទួលបានមុខតំណែងថ្មី មានចំនួន៤០រូបផងដែរ៕
ដោយ ៖ រ៉ាស៊ី

CATEGORIES
Share This