ក្រសួងអធិការកិច្ច ចុះអង្កេតស្រាវជ្រាវ ករណីវិវាទដីធ្លី ៥០ហិចតា នៅភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក
បន្ទាយមានជ័យ ៖ ករណីវិវាទដីធ្លី ៥០ហិចតា ស្ថិតនៅភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលមានការប្តឹងទៅលើអាជ្ញាធរ និងមន្រ្តីជំនាញនៅមូលដ្ឋាន ត្រូវបានប្រតិភូក្រសួងអធិការកិច្ច ចុះអង្កេតស្រាវជ្រាវ អង្គហេតុ និងអង្គច្បាប់។
ការចុះធ្វើអធិការកិច្ចរបស់ប្រតិភូខាងលើ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ត្រូវបានលោក លៀម សុដា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ទទួលជួបជាមួយលោកស្រី ហែម ម៉ារីណា អគ្គនាយករង ប្រធានគណៈប្រតិភូ ដើម្បីសម្តែងការគួរសម និងធ្វើកិច្ចសហការក្នុងការចុះអង្កេតស្រាវជ្រាវ ។
លោកស្រី ហែម ម៉ារីណា អគ្គនាយករង ប្រធានគណៈប្រតិភូ បានមានប្រសាសន៍លើកឡើងថា ក្រសួងអធិការកិច្ច បានទទួលពាក្យស្នើសុំអន្តរាគមន៍របស់លោក មុី ជួង និងភរិយាឈ្មោះ ទៀវ សំណាង ដែលពួកគាត់ទាមទារកាន់កាប់ដីទំហំ ៥០ហិកតា ក្នុងករណីអាជ្ញាធរភូមិល្បើកស្វាយ ឈ្មោះ ហុិន ញឿន មេភូមិល្បើកស្វាយ, ឈ្មោះ ឆាយ សុផៃ មេភូមិចក់ពួក, ឈ្មោះ លី សោន អតីតមេឃុំស្វាយចេក, លោក ជ្រូក សុផល អតីតមេឃុំស្វាយចេក និងឈ្មោះ មាស សត្រ្តាវុធ ប្រធានការិយាល័យរៀបចំដែនដីនគររូបនីយកម្មសំណង់ និងភូមិបាលស្រុកស្វាយចេក ឃុំឃិតគ្នារំលោភយកដីរបស់គាត់ទំហំ ៥០ហិកតា នៅភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យទៅឲ្យអ្នកដទៃ។
លោកស្រីបានបន្តថា បន្ទាប់ពីបានពិនិត្យ ក្នុងក្របខណ្ឌបច្ចេកទេស លើឯកសារពាក់ព័ន្ធឃើញថា មានចំណុចជាច្រើនដែលទាមទារឲ្យមានការអង្កេតស្រាវជ្រាវ ឲ្យបានច្បាស់លាស់បន្ថែម ទាំងអង្គហេតុ និងអង្គច្បាប់ ទើបថ្នាក់ដឹកនាំក្រសួងបានសម្រេចចិត្តចាត់តាំងរូបលោកស្រី គណៈប្រតិភូចុះមកអង្កេតនាពេលនេះ។
ថ្លែងក្នុងឱកាសនោះលោក លៀម សុដា អភិបាលរងខេត្ត បានលើកឡើងថា កន្លងមកក្រុមការងារខេត្ត ក៏បានធ្លាប់ធ្វើការដោះស្រាយករណីនេះដែរ ដោយមានលិខិតក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ បញ្ជូនករណីនេះមករដ្ឋបាលខេត្ត ដើម្បីដោះស្រាយ។ ក្នុងនាមរដ្ឋបាលខេត្ត បានត្រៀមសហការជាមួយគណៈប្រតិភូ ចង់ជួបអ្នកពាក់ព័ន្ធ រដ្ឋបាលខេត្ត នឹងជួយសម្របសម្រួលជូន ហើយឯកសារពាក់ព័ន្ធរដ្ឋបាលខេត្តនឹងផ្ដល់ជូន។
លោក លៀម សុដា ក៏បានថ្លែងអំណរអរគុណ ដល់លោកលោកស្រីប្រធានគណៈប្រតិភូ ដែលបានគាំទ្រដោយចូលរួមសហការ ក្នុងការអង្កេតស្រាវជ្រាវ និងរួមសហការជាមួយមន្ត្រីជំនាញ សមត្ថកិច្ចជំនាញ ធ្វើការសម្របសម្រួល ចុះទីតាំងជាកស្តែងនាពេលខាងមុខនេះផងដែរ ៕